ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងទេសចរណ៍ បានអញ្ជើញមកប្រកាសជាផ្លូវការ និងប្រគល់ពាន “ក្រុងព្រះសីហនុ ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី សម្រាប់ឆ្នាំ២០២៣-២០២៥” ជូនរដ្ឋបាលក្រុងព្រះសីហនុ ដែលរៀបចំនៅសាលាក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
ក្រសួងទេសចរណ៍ បានសម្រេចប្រគល់ពាន និងធ្វើពិធីប្រកាសជាផ្លូវការនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារក្រសួងទេសចរណ៍ បានចុះពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃ ទៅលើការអនុវត្តគោលការណ៍ណែនាំ ស្តីពីការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បរមា ស្តីពីការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ នៅក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ នាពេលកន្លងមក ហើយក្រសួងទេសចរណ៍ដោយមានការគាំទ្រពីអង្គការសុខភាពពិភពលោក (WHO) បានសម្រេចផ្តល់ពាន “ក្រុងព្រះសីហនុជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី” សម្រាប់ឆ្នាំ២០២៣-២០២៥ ជូនរដ្ឋបាលក្រុងព្រះសីហនុ៕