ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយនៅបណ្តាញសង្គមទាក់ទងការឃាត់បុរសម្នាក់មានស្ថានភាពស្រវឹង និងមានជាតិអាកុល ០,៦៩ មីលីក្រាមក្នុងមួយលីត្រខ្យល់ នៅខណ្ឌដង្កោ កាលពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅត្រង់ចំណុចមុខសាលាខណ្ឌដង្កោ ផ្លូវលេខ២១៧ ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
អំឡុងពេលសមត្ថកិច្ចអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1CS-1350 បើកបរដោយឈ្មោះ ភិន
ច័ន្ចរិទ្ធ ភេទប្រុស មុខរបរមន្រ្តីរាជការ បើកបរក្នុងស្ថានភាពស្រវឹង ឃើញដូចនោះសមត្ថកិច្ចក៏បានហៅឱ្យឈប់ ដើម្បីធ្វើការផ្លុំតេស្ដរកជាតិអាកុល ឃើញមានជាតិអាកុល ០,៦៩ មីលីក្រាមក្នុងមួយលីត្រខ្យល់។
ដោយសារពេលយប់សមត្ថកិច្ច មិនបានផាកពិន័យគាត់ (១.គាត់មានស្ថានភាពស្រវឹង ២.មិនមានលុយគ្រប់គ្រាន់ក្នុងការបង់ពិន័យ ចំនួន១.០០០.០០០រៀល និងមានការព្រួយបារម្ភពីសុវត្ថិភាពគាត់ ទើបសមត្ថកិច្ចបានឱ្យក្រុមគ្រួសារគាត់យកផ្ទះសិន ចំណែកម៉ូតូ
សមត្ថិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំឱ្យគាត់មកទទួលយកម៉ូតូ និងការផាកពិន័យនៅថ្ងៃស្អែក។
លុះដល់ព្រឹកឡើងពេលគាត់ទៅយកម៉ូតូ គាត់មានលុយតែ ៥០០.០០០រៀល ដើម្បីបង់ផាកពិន័យ ទើបគាត់សុំសមត្ថកិច្ចយោគយល់ ដោយឃើញគាត់ជាមន្ត្រីរាជការ និងមានជីវភាពខ្វះខាត ទើបសមត្ថកិច្ចយោគយល់ជួយចេញលុយ៥០០.០០០រៀល ដើម្បីបង្គ្រប់ការបង់ផាកពិន័យ។
ក្នុងកិច្ចការងារអនុវត្តរឹតបន្ដឹងចរាចរណ៍ផ្លូវគោកនេះ សមត្ថកិច្ចអនុវត្តវិធានការច្បាប់និងមានការយោគយល់មនោសញ្ចេតនា។
មាត្រា១០(ថ្មី) នៃអនុក្រិត្យលេខ៣៩អនក្របក ស្ដីពីការកែសម្រួលអនុក្រិត្យលេខ៤៤អនក្របក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តរការណ៍ចំពោះ អំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានចែងថាក្នុងករណីរកឃើញអត្រាជាតិអាល់កុលចាប់ពី ០,៤០ (សូន្យក្បៀសសែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០(សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយ លីត្រឈាមឡើងទៅ ត្រូវបញ្ឈប់មិនឱ្យបើកបរបន្តដំណើរទៅមុខទៀតទេ។
យោងមាត្រា១០ថ្មី នៃអនុក្រិត្យលេខ ៣៩អនក្របក ស្ដីពីការកែសម្រួលអនុក្រិត្យលេខ៤៤អនក្របក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានចែងថាត្រូវពិន័យអន្តការណ៍ចំពោះអ្នកបើកបរយានយន្តស្ថិតក្នុងភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០,៤០ (សូន្យក្បៀសសែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ (សូន្យក្បៀសប៉ែតសិប) ក្រាមក្នុងមួយ លីត្រឈាមឡើងទៅ ដូចតទៅ៖
– ទឹកប្រាក់ចំនួន ១.០០០.០០០ (មួយលាន) រៀល សម្រាប់ទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ឬម៉ូតូកង់បួន
– ទឹកប្រាក់ចំនួន ២.០០០.០០០ (ពីរលាន) រៀល សម្រាប់យានយន្តធុនស្រាល
– ទឹកប្រាក់ចំនួន ៤.០០០.០០០ (បួនលាន) រៀល សម្រាប់យានយន្តធុនធ្ងន់។
ក្នុងករណីនេះ ត្រូវបញ្ឈប់មិនឱ្យបើកបរបន្តដំណើរទៅមុខទៀត។
ក្នុងករណីដែលជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តបទល្មើសនេះទៀតក្នុងរយៈពេល ៦ (ប្រាំមួយ)ខែ ចាប់គិតពីការពិន័យអន្តរការណ៍លើកមុន ត្រូវផ្តន្ទាទោសតាមច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក។ ក្នុងករណីនេះមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ត្រូវរៀបចំកំណត់ហេតុបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់តាមវិធានការច្បាប់៕