បាត់ដំបង៖អគ្គិភ័យឆាបឆេះលំនៅដ្ឋានប្រជាពលរដ្ឋមួយខ្នង ខូចខាតអស់ទាំងស្រុង និងខាតបង់ទ្រព្យសម្បត្តិអស់ជាច្រើន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទី ល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅចំនុចក្រុមទី២ ភូមិសំរោងកោង ឃុំ អូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្រោយពេលកើតហេតុភ្លាមៗនោះ កម្លាំងនគរបាល នៃអធិការដ្ឋាននគរស្រុកសង្កែ បានចេញរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង និង រថយន្តរបស់ប្រជាពលរដ្ឋមួយគ្រឿងទៀត ចុះជួយបាញ់ទឹកពន្លត់ អស់ចំនួន២ឡានទើបអណ្តាតភ្លើងស្ងប់រលត់អស់ទៅវិញនិងមិនឆេះរាលដាលដល់លំនៅដ្ឋានប្រជាពលរដ្ឋដែលរស់នៅជិតខាង។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖លំនៅដ្ឋានដែលត្រូវអគ្គិភ័យឆាបឆេះនោះ មានទំហំ ៩គុណ៨ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់សង្ក័សី ជញ្ជាំងក្តារ គឺជាកម្មសិទ្ធិរបស់លោក ឃុំ សំណាង ហៅ ម៉ោញ រស់នៅក្នុងភូមិ ឃុំ ស្រុក កើតហេតុខាងលើ។
ចំពោះមូលហេតុដែលបង្ក អោយមានអគ្គិភ័យកើតឡើងនោះគឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។
សម្ភារ:ខាតបង់ខាងក្នុងផ្ទះរួមមាន៖គ្រែចំនួន៣ តុបាយចំនួន២ ទូរ ចំនួន៣ និងទ្រព្យសម្បត្តិជាច្រើនទៀតសរុបជាទឹកប្រាក់អស់ 6000$ (ប្រាំមួយពាន់ដុល្លារ)។
សូមបញ្ជាក់ថា៖ករណីគ្រោះអគ្គិភ័យដែលបានកើតឡើងដូចការរៀបរាប់ខាងលើ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ។
ជាចុងក្រោយអាជ្ញាធរនិងសមត្ថកិច្ចបានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ រាយការណ៍ទៅសមត្ថកិច្ចអោយបានលឿនបំផុត ជៀសវាងកុំអោយមានគ្រោះដល់អាយុ ជីវិត៕
ដោយ សុខ កុសល