បណ្ដេញនគរបាលជាតិ ១១នាក់ចេញពីក្របខ័ណ្ឌ ក្រោយពីធ្វើតេស្តរកឃើញសារធាតុញៀន

ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានសម្រេចបណ្ដេញមន្ដ្រីនគរបាលជាតិចំនួន ១១រូប ពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ពោលគឺ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ក្នុងប្រកាសបណ្ដេញចេញបញ្ជាក់ថា មន្ដ្រីនគរបាលជាតិទាំង១១នាក់ ដែលក្រសួងមហាផ្ទៃបណ្ដេញចេញពីក្របខ័ណ្ឌនេះ ជាកម្លាំងស្ថិតក្រោមឱវាទស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។

បើតាម លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា នេះមិនមែនជាលើកទីមួយទេ ដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីថ្មី សម្រេចបណ្ដេញចេញពីក្របខ័ណ្ឌបន្ទាប់ធ្វើតេស្តឃើញមានសារធាតុញៀន។ លោកបន្តថា ក្នុងនីតិកាលកន្លងទៅ អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏បានអនុវត្តវិធានការនេះយ៉ាងសកម្ម និងតឹងរ៉ឹងផងដែរ។

អ្នកនាំពាក្យរងរូបនេះ សង្កត់ធ្ងន់ថា នៅមានមួយចំនួនបន្តបន្ទាប់ទៀតដែលអង្គភាពចំណុះក្រសួងមហាផ្ទៃបានរកឃើញ និងកំពុងបន្តនីតិវិធីជំនាញ តាមបទបញ្ជារបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

អត្ថបទដែលជាប់ទាក់ទង
Open

Close