ធ្លាប់ជាប់ គុក២ដង នៅមណ្ឌលអប់រំបន្សាបគ្រឿងញៀន ៤លើក មិនរាងចាល

ក្រុមការងារព័ត៌មាន ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Ratheany Ham បានបង្ហោះមានខ្លឹមសារថា «ខ្ញុំបានដាក់ពាក្យបណ្តឹង រួចរាល់ហើយ ខ្ញុំចាំមើលនីតិវិធីរបស់មន្ត្រីស្រុកអង្គស្នួល ខេត្តកណ្តាល ហើយវាមិនមែនលើកទីមួយ ច្រើនលើកច្រើនសារ ចូលកុកចេញៗ យកគុកធ្វើផ្ទះ ចេញមកលើកនេះលើសដើម រាល់ថ្ងៃរស់នៅទាំងភ័យខ្លាច ពុកម៉ែខ្ញុំចាស់ៗនៅផ្ទះជាមួយក្មេង វាបង្ករភាពចលាចលពេញភូមិរាល់ថ្ងៃ ប៉ុនប៉ង.មនុស្សឃា.ត យកដំបងវៃប្អូនខ្ញុំ តែសំណាងរត់ចូលផ្ទះគេទាន់ គប់ផ្ទះបែកកញ្ចក់ខ្ទេច ហើយគ្មានដែលមានរឿងអីជាមួយអាសត្វនរកនឹងសោះ តែវាដើរសន្សំរឿង គេឯងគ្រប់គ្នា លើកនេះបើមិនដោះស្រាយអោយល្អទេ ចាំមើលបន្តទៀត។

ក្រោយពីទទួលបានព័ត៌មានភ្លាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យលោកអធិការនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវឃាត់ខ្លួនបុគ្គលខាងលើចាត់ការតាមនីតិវិធី។

ជាលទ្ធផល៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅវេលាម៉ោង០៨ និង៣០នាទីព្រឹក ចំណុចផ្ទះជនរងគ្រោះ នៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ កម្លាំងប៉ុស្ដិ៍បែកចាន សហការជាមួយកម្លាំងផ្នែកជំនាញ ចុះទៅដល់កន្លែងកើតហេតុទទួលពាក្យបណ្ដឹងជនរងគ្រោះ និងឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលរួចហើយ ដើម្បីសួរនាំចាត់ការតាមនីតិវិធីច្បាប់។

ក្រោយពីសួរនាំជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានយកដុំថ្មគុបសម្ដៅផ្ទះជនរងគ្រោះបណ្ដាលឲ្យខូចខាតប្រាកដមែន។

ហើយខ្លួនធ្លាប់ជាប់ពន្ធនាគារចំនួន០២លើកខេត្តកណ្ដាល ករណីធ្វើឲ្យខូចខាតដោយចេតនា រយៈពេលពីរឆ្នាំ និងករណីធ្វើឲ្យខូចខាតដោយចេតនា រយៈពេលមួយឆ្នាំ និងធ្លាប់ជាប់មណ្ឌលអប់រំបន្សាបគ្រឿងញៀនចំនួន០៤លើក។

ចំពោះករណីនេះ កម្លាំងផ្នែកជំនាញ កំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់។

អាស្រ័យហេតុនេះសូមសាធារណជនជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close