បាត់ដំបង ៖គ្រោះអគ្គិភ័យបានកើតឡើងមួយលើក បណ្តាលអោយឆាបឆេះតូប និង ខាតបង់ទ្រព្យសម្បត្តិអស់មួយចំនួនធំ
បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អាជ្ញាធរ និងសមត្ថកិច្ចស្រុកបវេលចុះជួយអន្តរាគមន៍ទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង ១០នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុច ភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។
ប្រភពព័ត៌មានបានអោយដឹងថា៖ម្ចាប់តូបលក់អីវ៉ាន់ចាប់ហួយ ឈ្មោះ ហេន រិទ្ធ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅក្នុងភូមិ ឃុំស្រុក កើតហេតុ។
ទ្រព្យសម្បត្តិដែលខាតបង់ក្នុងហេតុការណ៍ គ្រោះអគ្គិភ័យនេះរួមមាន៖
តូបលក់អីវ៉ាន់ទំហំ៤x១៥ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងក្ដារ មួយខ្នងឆេះខូចខាតអស់ទាំងស្រុង រីឯទ្រព្យសម្បត្តិដែលខាតបង់រួមមាន៖ ទូរទឹកកក ចំនួន១ តុសម្រាប់លុយចំនួន១ អីវ៉ាន់ចាបហួយឆេះខ្ទេចខ្ទីអស់ សរុបជាទឹកប្រាក់ចំនួន ជាង ១០,០០០,០០០រៀល (ជាងដប់លានរៀល)។
ប្រភពព័ត៌មានបានបន្តថា៖មូលហេតុដែលបង្កអោយមានអគ្គិភ័យកើតឡើង គឺដោយសារ ម្ទាស់ផ្ទះចាក់សាំងចូលដបហៀទៅប៉ះព្រីខ្សែរភ្លើង បណ្ដាលអោយទុះសេរ ឆេះយ៉ាងសន្ធោសន្ធៅ តែម្តង។
ក្រោយពេលកើតហេតុភ្លាមៗនោះកម្លាំងនគរបាលបង្ការនិងពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកបវេលបានចេញរថយន្តចំនួនពីរគ្រឿង ចុះជួយអន្តរាគមន៍ ដល់ទីតាំងកើតហេតុ និងបាញ់ទឹកពន្លត់ អស់ចំនួនពីរឡានទើបអណ្តាតភ្លើងស្ងប់រលត់អស់ទៅវិញដោយជោគជ័យ។
សូមបញ្ជាក់ថា៖ករណីអគ្គិភ័យដែលបានកើតឡើងនៅចំណុចកើតហេតុខាងលើ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ គឺគ្រាន់តែឆេះខូចខាតទ្រព្យសម្បត្តិមួយចំនួនធំតែបុណ្ណោះ៕ដោយសុខ កុសល