តាកែវ៖ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានមូលនីធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក រួមជាមួយក្រុមការងារ បានអញ្ជើញប្រគល់អណ្ដូងទឹកស្អាតចំនួន ៥ ជាអំណោយរបស់អ្នកឧកញ៉ាព្រឹទ្ឋមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី ឪពុកម្តាយបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋនៅឃុំបឹងត្រាញខាងជើង ស្រុកសំរោង ខេត្តតាកែវ សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។
លោកជំទាវប្រធានមូលនីធិ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនចំពោះអ៊ំពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ថា សម្តេចទាំង៣ លោកតែងគិតគូរជាប្រចាំអំពីសុខទុក្ខរបស់ប្រជាពលដ្ឋ ពិសេស តាមរយៈការផ្តល់អណ្តូងទឹកស្អាតនាពេលនេះ គឺជាការរួមចំណែកលើកកម្ពស់សុខមាលភាព និងជីវភាពរស់នៅរបស់អ៊ំពូមីងបងប្អូន ធានាបាននូវសុខភាពល្អ និងជីវភាពកាន់តែប្រសើរទ្បើង ។
លោកជំទាវប្រធាន បានឱ្យដឹងទៀតថា ក្នុងបេសកម្មអណ្តូងទឹកស្អាត រយៈកាលជាង ១០ ឆ្នាំកន្លងមកនេះ ក្រុមការងារបានប្រគល់អណ្តូងជូនប្រជាពលរដ្ឋបានចំនួនជាង ១ពាន់ អណ្តូងនៅទូទាំងប្រទេស ហើយមូលនីធិនឹងនៅបន្តផ្តល់អណ្តូងជាបន្តបន្ទាប់ទៀត ។ ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បានណែនាំប្រធានមូលនីធិអណ្តូងទឹកថ្មី គឺលោកជំទាវ ឌី សុខីទីឃាយុកោ ភរិយាឯកឧត្តម ហ៊ុន ម៉ានិត ដែលត្រូវបន្តដឹកនាំការងារមូលនីធីអណ្តូងទឹក ។
សូមជម្រាបផងដែរថា ក្នុងឱកាសនោះ ក្រៅពីប្រគល់អណ្តូងទឹក លោកជំទាវប្រធានមូលនីធិ ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋដែលបានចូលរួមផងដែរ។ លើសពីនេះ លោកជំទាវប្រធាន ក៏បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) មកពិនិត្យសុខភាព និងផ្តល់ថ្នាំព្យាបាលជំងឺស្រាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ៕