ព្រហើនមែន! ហ៊ាន ក្លែងបន្លំ អត្ដសញ្ញាណរបស់​ ឯកឧត្ដម​ អភិសន្ដិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួង​មហាផ្ទៃ​ នៅលេីបណ្ដាញសង្គមហ្វេសប៊ុក

ភ្នំពេញ៖ បុរស​ម្នាក់​ត្រូវបាន​ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ អញ្ជេីញមកសាកសួរបំភ្លឺ​ បន្ទាប់ពីបានរកឃេីញថា​ បានក្លែងបន្ន្លំអត្ដសញ្ញាណរបស់​ ឯកឧត្ដម​ អភិសន្ដិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួង​មហាផ្ទៃ​ នៅលេីបណ្ដាញសង្គមហ្វេសប៊ុក។

កាលពីថ្ងៃទី៨​ ខែធ្នូ​ ឆ្នាំ​២០២៣​ នាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា​ សហការជាមួយ​ ស្នងការដ្ឋាននគរបាល​ ខេត្ដកំពង់ស្ពឺ​ បានអញ្ជេីញឈ្មោះ​ ឈិន​ សាញ់​ ភេទប្រុស​ មានទីលំនៅ​​ ខេត្ដកំពង់ស្ពឺ​ ដេីម្បីមកសាកសួរបំភ្លឺ​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ បន្ទាប់ពីរកឃេីញថា​ បាន​យកឈ្មោះ​ ឯកឧត្ដម​ អភិសន្ដិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និងថ្នាក់ដឹកនាំផ្សេងទៀត​ ទៅបង្កេីតជា​ក្រុម​ (Group) នៅលេីបណ្ដាញសង្គមហ្វេសប៊ុក​ដោយ​គ្មាន​ការ​អនុញ្ញាត​ និង​បានចែករំលែកមាតិកា​ មិនសមរម្យ​ (​អាសអាភាស)​ ដែលប៉ះពាល់ដល់វប្បធម៌ប្រពៃណីជាតិ​​ និង​កិត្តិយស​ថ្នាក់​ដឹកនាំ​ដែល​អាច​ធ្វេីអោយមានការ​ភាន់​ច្រឡំ​ពីសំណាក់មហាជន​​។ តាមការសួរបញ្ជាក់ឈ្មោះ​ ឈិន​ សាញ់​ បានសារភាព​ទទួលស្គាល់កំហុស​ ​សន្យា​កែ​ខ្លួន​ត​ទៅ​មុខ​ទៀត​ និង​បាន​ធ្វើ​លិខិត​សុំ​អភ័យទោស​ជា​សាធារណៈ​។

នាយកដ្ឋាន​សូម​ក្រើនរំលឹក​ដល់​សាធារណជន​ទាំង​អស់​ត្រូវ​ពិនិត្យ​ និង​វិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់​មុន​បង្កើត​គណនី​បណ្តាញ​សង្គម​ដែល​ប្រើប្រាស់​ឈ្មោះ​អ្នក​ដ៏​ទៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ដែល​អាច​ប្រឈម​នឹង​ការ​ក្លែង​អត្តសញ្ញាណ​ ដែលជាអំពីខុសច្បាប់។

អត្ថបទដែលជាប់ទាក់ទង
Open

Close