អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យប្រុសស្រី០៦នាក់ បញ្ជូនទៅតុលាការជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន!
ភ្នំពេញ៖ ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យប្រុសស្រី សរុបចំនួន០៦នាក់ ទៅតុលាការ ជាបន្តបន្ទាប់ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន៣ករណីផ្សេងគ្នា។
ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៣ករណីរួមមាន៖
*ករណីទី១៖ កាលពី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រ៉ា សីហា ហៅស្នា ភេទប្រុស អាយុ២៨ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចផ្លូវបេតុង សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន០២កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត។
*ករណីទី២៖ កាលពី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ព្រាប ផារុន ភេទប្រុស អាយុ៣២ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចផ្លូវបេតុង ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន០១កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត។
*ករណីទី៣៖ កាលពី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យប្រុសស្រីចំនួន០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវលំ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនទាំង០៤នាក់ រួមមាន៖ ១_ឈ្មោះ កែវ ស្រីដា ភេទស្រី អាយុ២៥ឆ្នាំ, ២_ឈ្មោះ សេង សុធាវី ភេទស្រី អាយុ២៦ឆ្នាំ, ៣_ឈ្មោះ ណុប សុផារ៉ាត់ ភេទប្រុស អាយុ ២៨ឆ្នាំ, ៤_ឈ្មោះ យស់ ដារ៉ាអ៊ុយ ភេទស្រី អាយុ១៩ឆ្នាំ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន២កញ្ចប់ធំ, ជញ្ជីងអេឡិកត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង រួមនឹងសម្ភារមួយចំនួនទៀត៕