ប្លន់ ម៉ូតូ នៅភ្នំពេញ តាមចាប់ ដល់កំពង់ធំ

ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៧៖១០នាទី មានករណីកាប់ប្លន់យកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ផ្លាកលេខភ្នំពេញ1JR-9590 ពីជនរងគ្រោះឈ្មោះ ឆាយ សំណាប់ ភេទប្រុស អាយុ២០ឆ្នាំ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ បង្កឡើងដោយជនសង្ស័យមួយក្រុមមានចំនួន៤នាក់ ជិះម៉ូតូចំនួន២គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ កាំបន្ទះមុខក្រោយពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ និងម៉ាកស្កុបពី ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩។

ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំ​ និងសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានស្រាវជ្រាវតាមជំនាញនីតិវិធី រហូតកំណត់បានអត្តសញ្ញាណជនសង្ស័យ និងទីតាំងលាក់ខ្លួន។

ឆ្លងតាមលទ្ធផលនៃការស៊ើបអង្កេត សមត្ថកិច្ចយើងកំណត់បានទីតាំងរបស់ជនសង្ស័យ រហូតដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៥៖៣០នាទី កម្លាំងជំនាញយើងបានបន្តដឹកនាំសហការ ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ មានឈ្មោះដូចខាងក្រោម៖

ទី១៖ ឈ្មោះ ឌុល ប្រាថ្នា ហៅ ដុល្លា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ
ទី២៖ ឈ្មោះ ហេង សំណាង ហៅ ចយ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ។ ឃាត់ខ្លួននៅត្រង់ចំណុច ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានកាប់ប្លន់យកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ផ្លាកលេខភ្នំពេញ1JR-9590 និងបណ្តាលឲ្យជនរងគ្រោះស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងតែដឹកនាំកម្លាំងជំនាញដើម្បីធ្វើការស្រាវជ្រាវស្វែងរកបក្ខពួក និងមេក្លោងដែលនៅសេសសល់ក្នុងករណីខាងលើ ចាត់ការបន្តតាមនីតិវិធី និងផ្តន្ទាទោសតាមច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close