ភ្នំពេញ៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ បន្ត ផ្តល់ម៉ូតូ បីគ្រឿងជូនដល់ សិស្សបនិទ្ទេស A ៣នាក់ ក្នុងខណ្ឌ មានជ័យ ដែល ទើប ប្រឡង ជាប់ មធ្យម សិក្សាទុតិយភូមិ ។
ការផ្តល់ជូននេះ ត្រូវបានធ្វើឡើងក្នុងឪកាស ដែល លោក ហែម ដារិទ្ធិ អភិបាល ខណ្ឌខណ្ឌមានជ័យ អញ្ជើញបើកបវេសនកាល ឆ្នាំ២០២៣-២០២៤ នៅសាលាបឋមសិក្សា និងវិទ្យាល័យចាក់អង្រែ នា ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ។
ក្នុងឱកាសអញ្ជើញបើកបវេសនកាលថ្មីឆ្នាំ២០២៣-២០២៤ លោក ហែម ដារិទ្ធិ បានអាននូវសារលិខិត សម្តេច មហា ប វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងឪកាសបើកបវេសនកាល ឆ្នាំ សិក្សា ២០២៣-២០២៤ ជូនទៅកាន់សិស្សានុសិស្សគ្រប់ថ្នាក់សិក្សា ដែលនិងត្រូវចូលរៀនថ្ងៃដំបូងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៣ នេះ អោយបានយល់ដឹងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគិតគូរពីការពង្រឹងវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គុណភាពអប់រំ ។
លោក ហែម ដារិទ្ធិ បានលើក ទឹកចិត្តដល់ សិស្សានុសិស្ស ទាំងអស់ ត្រូវប្រកាន់ គោល ជំហរ និងមានជំនឿជឿជាក់លើខ្លួនឯង ត្រូវតស៊ូ ព្យាយាមអត់ធ្មត់ក្នុងការសិក្សា ដើម្បីឈានទៅ សម្រេច បាន នូវក្តី ស្រមៃ និងក្តីបំណងប្រាថ្នា នៅពេលអនាគត។
លោកអភិបាលខណ្ឌ បានលើកឡើងថា លោកគ្រូ អ្នកគ្រូ ដើរតួជា ឪពុក ម្ដាយទីពីរ ជាអ្នកស្រាវជ្រាវ ជាអ្នកទីប្រឹក្សា និងជាអ្នកច្នៃ ប្រឌិតព្រម ទាំងខិតខំ ប្រឹងប្រែង អភិវឌ្ឍ សមត្ថភាព ខ្លួនជា ប្រចាំ ទាំង ខាងចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន ដើម្បី យកចំណេះ ដឹងថ្មីៗ គ្រប់កោសល្យថ្មីមក បង្ហាត់ បង្រៀន ដល់ សិក្សា នុ សិស្ស ឱ្យមានចំណេះដឹងទំលំទូលាយ និងអភិវឌ្ឍន៍ខ្លួនជាអ្នក បន្តវេនសម្រាប់ អនាគត ។
លោក ហែម ដារិទ្ធិ បានបន្តជំរុញ លើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ធ្វើការយកគំរូ តាមសិស្សច្បង ដែលបានប្រលងជាប់និទ្ទេសA កាល ពី ពេល ថ្មីៗ នេះ ដើម្បីទទួលបានការយកចិត្តទុកដាក់តាមរួបភាពផ្សេងៗពីថ្នាក់ដឹកនាំ ជាស្តែងការប្រគល់ម៉ូតូ ជូន ដល់ សិស្សច្បងនិទេ្ទស នាពេលនេះ ។
ក្នុងនោះលោក ហែម ដារិទ្ធិ បានធ្វើការណែនាំទៅ ដល់សិស្សនិទ្ទេស A ដែល បាន ទទួលនូវរង្វាន់លើកទឹកចិត្តជាម៉ូតូនាពេលនេះ ត្រូវខិតខំសិក្សាបន្ត ជ្រើសរើសយកសាកលវិទ្យាល័យ និង មុខវិជ្ជា ដែល ខ្លួនពេញចិត្ត បន្តខិតខំយកចិត្តទុកដាក់រៀនសូត្របន្ថែមទៀត ដើម្បីក្លាយខ្លួនជាទំពាំងស្នូងឬស្សី ជាសសរ ទ្រូង ដ៏រឹង មាំ សម្រាប់គ្រួសារ និងសង្គមជាតិ ។
ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ បានធ្វើការឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូ ចូលនិវត្តន៍ចំនួន ៧នាក់ ក្នុងនោះ អតីត នាយកសាលាបឋមសិក្សា ទទួលបានថវិការ ១០ម៉ឺនរៀល លោកគ្រូអ្នកគ្រូចំនួន ៦ នាក់ ម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល។
ចែកជូននៅរង្វាន់ដល់សិស្សពូកែដែលជាប់ចំណាត់ថ្នាក់លេខ១ដល់លេខ៣ ដោយលេខចំណាត់ ថ្នាក់ លេខ ១ ចំនួន៣៩នាក់ ទទួលបាននូវបានប័ណ្ណសរសើរ១ សម្ភារៈសិក្សាមួយឈុត ចំណាត់ថ្នាក់លេខ២ ចំនួន៣៩នាក់ ទទួល បាន សម្ភារៈសិក្សាចំនួនមួយឈុត ចំណាត់ថ្នាក់លេខ៣ ចំនួន ៣៩នាក់ ទទួលបានសម្ភារៈសិក្សាមួយឈុត ។
សូមជម្រាបថា កាលពីពេលថ្មឺៗនេះ ក្នុងសម័យប្រលងមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី៦និងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ មានបេក្ខជន ចុះឈ្មោះប្រឡង ប្រមាណជាង១៣ ម៉ឺននាក់។
ក្នុងនោះយោងតាមសេចក្ដីប្រកាស លទ្ធផលប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិបានឱ្យដឹងថា បេក្ខជនជាប់និទ្ទេសAមានចំនួន ១៦៧៣នាក់ ហើយ នៅ ក្នុង ចំណោមសិស្សនិទ្ទេសA ចំនួន ១៦៧៣ នាក់ ក៏មាន បេក្ខជនដែលបានសិក្សានៅក្នុងខណ្ឌមានជ័យ រាជធានភ្នំពេញ ផងដែរ ដែលមានសិស្សនិទ្ទេសA ម្នាក់ នៅ មកពីវិទ្យាល័យចំរើនផល ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ និងពីរនាក់ ទៀតមក ពី វិទ្យាល័យ ចាក់អង្រែ ស្ថិតក្នុងសង្កាត់ចាក់អង្រែ រាជធានីភ្នំពេញ។
គួររំលឹកផងដែរថា គ្រាដែល លោក ហែម ដារិទ្ធិ នៅជាអភិបាលខណ្ឌពោធិ៍សែនជ័យ បានសន្យាថា បន្តលើកទឹកចិត្ត ដល់សិស្សានុសិស្សទាំងអស់ ដែលប្រឡងជាប់ និន្ទេស A។
លើសពីនោះ ទៅទៀត លោកអភិបាលខណ្ឌ ក៍ធ្លាប់ ផ្តល់ម៉ូតូ លើកទឹកចិត្តដល់សិស្សានុសិស្ស ដែលប្រឡងជាប់ និន្ទេស A នៅឯទឹកដីកំណើត គឺ វិទ្យាល័យ «ភ្ញីមាស» ផងដែរ៕
ប្រភព ៖ TVK