យុវជន២ក្រុមជិះម៉ូតូដេ.ញ.កា.ប់គ្នា បណ្តាលអោយជនរងគ្រោះម្នាក់ស្លា_ប់នៅស្រុកបាណន់

បាត់ដំបង៖ អនុវត្តតាមបទបញ្ជាផ្ទាល់ពីលោក ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងនិងមានការសម្របសម្រួលនីតិវិធី ពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ទើប លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ផែនការងារព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំង សហការជាមួយ អធិការនគរបាលស្រុកបាណន់ អធិការនគរបាល ស្រុកបវេលនិងកម្លាំងនគរបាលស្រុកកំរៀង ដើម្បីចុះស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធ ករណីបង្កហិង្សា ដោយយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះម្នាក់ស្លាប់យកទៅឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ឈឿង គឹមសុងស្នងការរង បានបញ្ជាក់ថា៖ប្រតិបត្តិការ បង្ក្រាបនេះបានឃាត់ខ្លួនជនដៃដល់ម្នាក់ ឈ្មោះ គឹម សុវ៉ាត់ ហៅ តូច ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីវេលាម៉ោង៣និង៦នាទីល្ងាច ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំណុចភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ៖លក សាវៀង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង រងរបួសដោយផ្គាក់ ចំក្បាល ពីក្រោយបណ្តាលអោយស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ករណីហឹង្សានេះបានបង្កឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅចំណុចក្រុមទី៩ ភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ខេត្តបាត់ដំបង ជនសង្ស័យខាងលើ រួមជាមួយបក្ខពួកចំនួន៣នាក់ទៀត ជិះម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីម និង ប្រើប្រាស់កាំបិតផ្គាក់  ដេញកាប់ជនរងគ្រោះ មួយក្រុមទៀតដែលមានគ្នា ៧នាក់ ជិះមូតូ ៣គ្រឿង លុះដល់ចំណុច កើតហេតុ បានកាប់ត្រូវជនរងគ្រោះខាងលើ បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និង សមត្ថកិច្ចស្រុកបាណន់ទាំងយប់។

បច្ចុប្បន្នកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាល ខេត្តបាត់ដំបង កំពុងធ្វើការសាកសួរនិងរៀបចំសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តទៅតាមផ្លូវនិតិវីធី៕

ដោយ ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close