បាត់ដំបង ៖ នគរបាលខេត្តបាត់ដំបងឃាត់ខ្លួនក្រុមក្មេងទំនើង៧នាក់ បង្កហិង្សា ដោយយកដុំថ្ម និង មួកសុវត្ថភាពគប់គ្នា យ៉ាងអាណាធិបតេយ្យបណ្តាលអោយយុវជនម្នាក់បែកក្បាល ចំនួន៤០ថ្នេរ និងខ្វាក់ភ្នែកឆ្វេងម្ខាង។
ក្រោយពេលកើតហេតុភ្លាមៗនោះកម្លាំងអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង សហការជាមួយកម្លាំងនគរបាល ក្រុងបាត់ដំបង ឃាត់ខ្លួនក្រុមក្មេងៗ បង្កហិង្សាយកទៅឃុំខ្លួនណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំណែកយុវជនរងគ្រោះបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង ៣០នាទីយប់ ថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ ចំណុចភោជនីយដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងមានការសម្របសម្រួលនីតិវិធី ពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូង ខេត្តបាត់ដំបងផងនោះ ទើបកម្លាំងជំនាញចុះស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់កាលពីវេលាម៉ោង១២និង៣០នាទីយប់ថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០២៣ ដើម្បីយកទៅសាកសួរអំពីមូលហេតុដែលបង្កអោយមានអំពើហិង្សារវាងយុវជនទាំងពីរក្រុមនោះ។
ក្រុមទី១មានបក្ខពួក៤នាក់៖ទី១-ឈ្មោះ ថា វ៉ាន់ឈុយ ភេទប្រុស អាយ្១៨ឆ្នាំ មានទីលំនៅក្នុងភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ទី២-ឈ្មោះ ចាន់ រតនា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ទី៣-ឈ្មោះ ហុង លិក ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ទី៤-ឈ្មោះ ចាន់ រដ្ឋា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្រុមទី២មានឈ្មោះដូចខាងក្រោម៖ទី១-ឈ្មោះ សយ វិសិន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង។
ទី២-ឈ្មោះ លួន ប៊ុនលាភ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ទី៣-ឈ្មោះ សំណាង មុន្នី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិអូរដំបង២ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងធ្វើការសាកសួរក្រុមយុវជនទាំងអស់នោះនិងរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសតាមនីតិវិធី៕
ដោយ ៖ សុខ កុសល