បាត់ដំបង៖ គ្រូពេទ្យឆ្មបមធ្យម ម្នាក់ ឈ្មោះ ធឿន នឿន ភេទស្រី អាយុ ៥២ឆ្នាំ បានរំលូតកូនអោយស្ត្រីម្នាក់ខុសបច្ចេកទេស បណ្តាលឲ្យជនរងគ្រោះយ៉ាងអាណោចអាធ័ម។
ជនរងគ្រោះមានឈ្មោះ ស៊ូ ម៉ាឡៃ ភេទស្រី អា៣៦ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិអូប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានអោយដឹងថា៖គ្រូពេទ្យឆ្មបមធ្យមខាងលើ បានធ្វើការរំលូតកូនអោយស្ត្រីរងគ្រោះ ដែលទើបតែមានអាយុ៥សប្តាហ៍ កាលពីវេលាម៉ោង ៣និង១០នាទីរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅក្នុងផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយប្រើទិយោបូមយកកូនចេញ ហូរឈាមមិនឈប់ បណ្តាលអោយស្ត្រីរងគ្រោះឈឺចាប់ខ្លាំង ទើបបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យបង្អែក ស្រុកសំពៅលូន ខេត្តបាត់ដំបង។
បន្ទាប់មកនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ស្ត្រីរងគ្រោះមានសភាពធ្ងន់ធ្ងរ ទើប សាច់ញាតិ បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ក៍ប៉ុន្តែស្ថានភាពធ្ងន់ធ្ងរពេក ទើបក្រុមគ្រូគ្រូពេទ្យជំនាញខេត្តបាត់ដំបង មិនអាចជួយសង្គ្រោះបាន ស្ត្រីឈ្មោះ ស៊ូ ម៉ាឡា (ជាជនរងគ្រោះ) បានស្លាប់បាត់បង់ជីវិតកាលពីវេលាម៉ោង ២និង៥០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ក្រោយពេលស្ត្រីជនរងគ្រោះស្លាប់ សាច់ញាតិបានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីឃាត់ខ្លួន គ្រូពេទ្យឆ្មប មធ្យមអោយចូលខ្លួនទៅបកស្រាយអំពីមូលហេតុដែលបណ្តាលឲ្យស្ត្រីរងគ្រោះមានគ្រោះថ្នាក់ដល់អាយុជីវិត។
បច្ចុប្បន្នលោកទឹម វិច្ឆ័យ អធិការនគរបាលស្រុកសំពៅលូន បានបញ្ជូនស្ត្រីជាគ្រូពេទ្យ ឆ្មបមធ្យម ស្រុកសំពៅលូន ទៅស្នងការរដ្ឋាននគរបាល ខេត្តបាត់ដំបងដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕
ដោយ ៖ សុខ កុសល