រដ្ឋបាលក្រុងព្រះវិហារ សូមបដិសេធទាំងស្រុងចំពោះការចុះផ្សាយរបស់សារព័ត៌មានគេហទំព័រ អាយធីវីអនឡាញ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ សារព័ត៌មានគេហទំព័រ អាយធីវីអនឡាញ (EYE TV ) បានបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក លើកឡើងថាប្រជាពលរដ្ឋនៅភូមិភារកិច្ចប្រមាណជាង 50 គ្រួសារបច្ចុប្បន្នកំពុងភ័យស្លន់ស្លោ ផ្នែកនៅកញ្ចឹងក ដោយពួកគាត់ទាំងនោះលើកឡើងថា ក្រោយមានមន្ត្រីសាលាក្រុងព្រះវិហារចុះបាញ់ថ្នាំ បោះបង្គោលឃ្លុំដីលំនៅឋានរបស់ពួកគាត់រស់នៅសព្វថ្ងៃទុកជាសម្បត្តិរដ្ឋនោះ ។
ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលក្រុងព្រះវិហារសូមបញ្ជាក់ជូនថា ចំពោះសកម្មភាពរបស់ក្រុមការងារគឺការចុះសិក្សាផលប៉ះពាល់រវាងដីរក្សាទុករបស់រដ្ឋ និងដីអាស្រ័យផលដែលត្រូវកាត់ឆ្វៀលជូនប្រជាពលរដ្ឋ តាមអនុក្រឹត្យលេខ២០៦ អន.ក្រ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកាត់ឆ្វៀលដីទំហំ៣១៧ហិកតា ៣៨អា ស្ថិតនៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ដោយដីទំហំ២៣៤ហិកតា ៤៥អា សម្រាប់ប្រទានកម្មជាកម្មសិទ្ធជូនប្រជាពលរដ្ឋចំនួន៦៣៦គ្រួសារ និង៨២ហិកតា ៩៣អា រក្សាទុកទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ។