ឯកឧត្តម ប៉ែន បូណា៖ នយោបាយឈ្នះឈ្នះជារូបមន្តបញ្ចប់សង្គ្រាមដ៏ល្អឯករបស់កម្ពុជាដែលពិភពលោកគួររៀនសូត្រ

ភ្នំពេញ៖ «និយាយពីនយោបាយឈ្នះឈ្នះ យើងប្រាកដជានឹកឃើញភ្លាមដល់សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិកនិងប្រតិបត្តិករផ្ទាល់ក្នុងបេសកកម្មស្វែងរកសន្តិភាពនិងការផ្សះផ្សាជាតិជូនមាតុភូមិកម្ពុជា»។ នេះជាសម្រង់ខ្លឹមសារសំណេរលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកពាក្យរាជរដ្ឋាភិបាល។

សំណេររបស់ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងបន្ទាប់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបតែបានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃទី ២៦ តុលា ឆ្នាំ ២០២៣ ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួងមួយដើម្បីប្រារព្ធខួបលើកទី ២៥ ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជានិងការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះឈ្នះ។ បើតាមឯកឧត្តម ប៉ែន បូណា សេចក្តីសម្រេចនេះគឺជាភស្តុតាងបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តវេនអណត្តិទី៧នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការរក្សាសន្តិភាព និងផ្តល់តម្លៃយ៉ាងខ្ពស់បំផុតដល់នយោបាយឈ្នះឈ្នះ។

ឯកឧត្តមបានគូសបញ្ជាក់ថា នយោបាយឈ្នះឈ្នះ ដែលជារូបមន្តដ៏ស័ក្តិសិទ្ធិនិងជាស្នាដៃឯករបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃដែលបានអូសបន្លាយជិត៣ទសវត្សរ៍និងដែលបានរុញច្រានប្រទេសឱ្យធ្លាក់ចូលក្នុងរបបវាលពិឃាដដ៏មហាប្រល័យ ហើយនៅទីបំផុត សន្តិភាពពេញលេញនៅកម្ពុជាត្រូវបានរកឃើញនៅថ្ងៃទី ២៩ ធ្នូ ឆ្នាំ ១៩៩៨ ដោយស្នាដៃ«រដ្ឋបុរស»ខ្មែរឈ្មោះតេជោសែន ដោយប្រើរូបមន្តពិសេសគ្មានពីរឈ្មោះថា«នយោបាយឈ្នះឈ្នះ»ដើម្បីប្រែក្លាយសង្គ្រាមឱ្យទៅជាសន្តិភាពដែលសូម្បីតែអង្គការសហប្រជាជាតិបានចំណាយថវិកា ២០០០ លានដុល្លារក៏មិនអាចរកសន្តិភាពពេញលេញជូនកម្ពុជាបាននៅឡើយ។

ឯកឧត្តមបានបន្ថែមក្នុងន័យដើមថា«ដែលហៅថា នយោបាយឈ្នះឈ្នះគឺជាការបញ្ចប់សង្គ្រាមដោយគ្មានការបង្ហូរឈាមនិងគ្មានអ្នករងគ្រោះ ពោលគឺខ្មែរឈ្នះទាំងអស់គ្នា។ អាថ៌កំបាំងនៃនយោបាយឈ្នះឈ្នះត្រូវបានសម្តេចតេជោបង្ហាញជាសាធារណៈរួចហើយដោយវាមានធាតុផ្សំសំខាន់៣គឺ៖ ទី១៖ ធានាអាយុជីវិត ទី២៖ ធានាអាជីពនិងមុខរបរ និងទី៣៖ ធានាកម្មសិទ្ធិឯកជន ជូនដល់គូជម្លោះ។ ដោយសារសន្តិភាពទើបកម្ពុជាមានអ្វីៗដូចសព្វថ្ងៃ។ ការបញ្ចប់សង្គ្រាមតាមរូបមន្តពិសេសបែបនេះកម្រកើតមានខ្លាំងណាស់នៅក្នុងពិភពលោកដែលភ្លើងសង្គ្រាមកំពុងបន្តឆាបឆេះនៅច្រើនកន្លែង»។

ក្នុងន័យខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូនាយករដ្ឋមន្ត្រី បានផ្ដល់ឧទាហរណ៍ជាក់ស្តែងថា«ខណៈដែលប្រជាពលរដ្ឋនៃប្រទេសជាច្រើនកំពុងរងទុក្ខដោយសារសង្គ្រាមនិងកំពុងស្រែកដង្ហោយរកសន្តិភាព ប្រជាពលរដ្ឋខ្មែរកំពុងជ្រកក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព។ ខណៈដែលប្រជាជនរាប់រយលាននាក់លើភពផែនដីកំពុងបួងសួងសុំសន្តិភាព ប្រជាពលរដ្ឋខ្មែរកំពុងនិយាយដោយអំណរថា«អរគុណសន្តិភាព»។ ដូច្នេះ ពិភពលោកដែលកំពុងព្យាយាមដោយលំបាកលំបិនបំផុតក្នុងការពន្លត់ភ្លើងសង្គ្រាម ជាពិសេសប្រទេសដែលកំពុងមានសង្គ្រាមដោយផ្ទាល់គួរតែមកសិក្សាពីនយោបាយឈ្នះឈ្នះរបស់កម្ពុជាដែលជារូបមន្តដ៏ស័ក្តិសិទ្ធិនិងល្អឯកក្នុងការបញ្ចប់សង្គ្រាមដោយគ្មានអ្នកចាញ់»។

នៅចុងបញ្ចប់នៃសំណេរប្រកបដោយភាពច្បាស់លាស់ គ្រុងជ្រុងជ្រោយដដែរនោះ ឯកឧត្តមប្រធានអង្គភាព បានសង្កត់ធ្ងន់ថា «ថ្នាក់ដឹកនាំកម្ពុជាដែលមានបេះដូងធំទូលាយត្រៀមខ្លួនជានិច្ចក្នុងការចែករម្លែកនូវរូបមន្តដ៏ល្អកម្ររកបាននេះដល់គ្រប់បណ្តាប្រជាជាតិទាំងឡាយណាដែលប្រាថ្នាចង់បានសន្តិភាព។ សន្តិភាពគឺជាសេចក្តីត្រូវការចាំបាច់របស់មនុស្សជាតិលើភពផែនដី។ សន្តិភាពងាយនឹងបាត់បង់ណាស់ ងាយនឹងធ្វើឱ្យមនុស្សស្កប់ស្កល់នឹងវានិងងាយបំភ្លេចវាចោលណាស់ ប៉ុន្តែ សន្តិភាពជារបស់ដែលពិបាករកបំផុតប្រសិនបើវារបូតចេញពីដៃទៅពោលគឺមិនខុសអ្វីពីការមុជទឹករាវរកម្ជុលក្នុងបាតមហាសាគរនោះឡើយ»៕
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rgus

អត្ថបទដែលជាប់ទាក់ទង
Open

Close