សម្ដេចធិបតី នឹងចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថាមូលបទនៃកិច្ចប្រជុំនេះ គឺ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ ប្រកបដោយគុណភាពខ្ពស់៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម»។
បើតាមក្រសួងការបរទេស អញ្ជើញអមដំណើរ សម្ដេចធិបតីចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ខាងមុខនេះ រួមមាន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីមួយចំនួន មន្ត្រីរាជរដ្ឋាភិបាលជាន់ខ្ពស់ ព្រមទាំង ថ្នាក់ដឹកនាំវិស័យឯកជន។
ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវនេះ សម្ដេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះ ស្ដីពី«សេដ្ឋកិច្ចឌីជីថល ជាប្រភព នៃកំណើនថ្មី» ហើយអំឡុងពេលចូលរួមវេទិកានេះ សម្តេចនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាជាមួយ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិនដទៃទៀត ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងមានជំនួបពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយឥស្សរជន បរទេសដទៃទៀតផងដែរ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់ទៀតថា ការអញ្ជើញចូលរួមរបស់ សម្ដេចធិបតី ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣នេះ នឹងបញ្ជាក់ជាថ្មីនូវ ការគាំទ្ររបស់កម្ពុជាចំពោះគំនិតផ្តួចផ្ដើមខ្សែក្រវាត់និងផ្លូវ ដែលគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយមិត្តចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់ សម្រាប់កំណើនរួម សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់និងអន្តរជាតិ៕
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rgsu