អភិបាលខេត្តកំពង់ចាម បានថ្លែងថា មនុស្សចាស់ជាបណ្ណាល័យរស់ ដែលយើងត្រូវខិតខំរួមគ្នាជួយថែរក្សា និងលេីកស្ទួយជីវភាពរស់នៅរបស់គាត់
ខេត្តកំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា មនុស្សចាស់ជាបណ្ណាល័យរស់ ដែលយើងទាមទារធ្វើយ៉ាងណាត្រូវខិតខំរួមគ្នាជួយថែរក្សា និងលេីកស្ទួយជីវភាពរស់នៅរបស់គាត់ ការថ្លែងបែបនេះក្នុងពិធីអបអរសាទរខួបលើកទី២៥ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្ដរជាតិ ក្រោមប្រធានបទ “ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា” នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា មនុស្សចាស់ ជាបុព្វការីជនដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ និងមានតួនាទីសំខាន់ណាស់ក្នុងការកសាងគ្រួសារ សហគមន៍ ការអប់រំ ការផ្ដល់នូវចំណេះដឹង ចំណេះធ្វើ វប្បធម៌ ប្រពៃណី សាសនា ទំនៀមទម្លាប់ និងបទពិសោធន៍យ៉ាងច្រើនឥតគណនា សម្រាប់មនុស្សជំនាន់ក្រោយ ពីព្រោះថាប្រជាជាតិយើងមានប្រពៃណីវប្បធម៌ល្បីល្បាញដូចសព្ធថ្ងៃ គឺផ្សារភ្ជាប់ទៅនឹងមនសិការទទួលខុសត្រូវរបស់មនុស្សចាស់។
ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានជំរុញដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងផ្នែកពាក់ព័ន្ធដទៃទៀត ត្រូវបន្ដពង្រឹងពង្រីកសមាគមមនុស្សចាស់នៅតាមឃុំ សង្កាត់ ឱ្យបានគ្រប់ឃុំ សង្កាត់ ទូទាំង ខេត្ត និងជំរុញកម្មវិធីអភិវឌ្ឍន៍មនុស្សចាស់តាមសហគមន៍ រួមទាំងកម្មវិធីថែទាំមនុស្សចាស់តាមគ្រួសារឱ្យកាន់តែប្រសើរឡើង ក្រៅពីនោះត្រូវកៀរគររកសប្បុរសជន អង្គការដៃគូ ដើម្បីអនុវត្ដគម្រោងរបស់ខ្លួនលើទឹកដីខេត្តកំពង់ចាម ដើម្បី រួមចំណែកលើកស្ទួយសុខុមាលភាព និងសកម្មភាពរបស់មនុស្សចាស់នៅតាមសហគមន៍ផងដែរ ។
បេីតាមលោក ទូច វឌ្ឍនា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិម្បទាខេត្តកំពង់ចាម បានឱ្យដឹងថា មនុស្សវ័យចាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ស្ថិតនៅក្នុងគ្រួសារក្រីក្រ មានប័ណ្ណ សមធម៌កម្រិតភាពក្រីក្រ១ និងក្រីក្រ២ ដែលកំពុងទទួលរបបជំនួយសង្គមពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ចាប់តាំងពីឆ្នាំ២០២០ មកដល់បច្ចុប្បន្ន សរុបចំនួន ១៦,២៨៩នាក់ ។ អតីតមន្ត្រីរាជការស៊ីវិលសរុបចំនួន ៣,៤៩២នាក់ និងអតីតយុទ្ធជនសរុបចំនួន ១,២៦៧នាក់ កំពុងទទួលរបបសន្តិសុខសង្គមប្រចាំខែពីរាជរដ្ឋាភិបាល ដែលបានបើកផ្តល់តាមរយៈប្រព័ន្ធធនាគារ អេស៊ីលីដា ចំនួន ២លើកក្នុងមួយខែ និងទទួលបានការតម្លើងប្រាក់ប្រចាំខែ ជារៀងរាល់ឆ្នាំ ព្រមទាំងទទួលបាននូវសេវាសុខាភិបាល ដែលជាបន្ទុករបស់រដ្ឋ តាមរយៈប័ណ្ណបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) ដូចមន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ផងដែរ ៕