សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ «សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងនិស្សិត គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល ហើយគ្រប់ភាគីពាក់ព័ន្ធបាននឹងបន្តខិតខំតាមដានទាំងយប់ទាំងថ្ងៃ ជាប់ជាប្រចាំ ដើម្បីធានាផ្តល់នូវការការពារ និងសុខសុវត្ថិភាពជូននិស្សិត និងប្រជាពលរដ្ឋរបស់កម្ពុជាយើង»

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ រាជធានីភ្នំពេញ, ព្រឹកថ្ងៃអង្គារ ទី១០ តុលា ២០២៣។

ជាកិច្ចចាប់ផ្តើម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារនិស្សិត ចាន់ ឧត្តម ដែលបានបាត់បង់ជីវិតក្នុងការវាយប្រហាររវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ ហើយជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ជនរួមជាតិទាំងអស់ ជាពិសេសនិស្សិតដែលកំពុងសិក្សា និងស្នាក់នៅប្រទេសអ៊ីស្រាអែលថា «សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងនិស្សិត គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល ហើយគ្រប់ភាគីពាក់ព័ន្ធបាននឹងបន្តខិតខំតាមដានទាំងយប់ទាំងថ្ងៃ ជាប់ជាប្រចាំ ដើម្បីធានាផ្តល់នូវការការពារ និងសុខសុវត្ថិភាពជូននិស្សិត និងប្រជាពលរដ្ឋរបស់កម្ពុជាយើង» ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធថា «ទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ សុទ្ធតែផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា និងជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលទាំងក្នុងអាណត្តិកន្លងទៅ និងអាណត្តិទី៧ នេះ។ ដូចនេះ រាជរដ្ឋាភិបាលខិតខំយកអស់កម្លាំងកាយចិត្តក្នុងការយកចិត្តទុកដាក់ គិតគូរធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងលទ្ធភាពជួយដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានទាន់ពេលវេលា ស្របតាមគោលដៅអនុវត្តមុនដំណាច់ឆ្នាំ ២០២៣ ។ តាមទស្សនៈវិស័យនេះ, សេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចូលរួមជួយក្នុងទិដ្ឋភាព ៣យ៉ាង រួមមាន៖ ១) ជួយកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម, ២) ជួយពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ និង ៣) ជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិ»។

សម្តេចធិបតី ក៏បានលើកទ្បើងផងដែរថា ដើម្បីផ្តល់នូវការធានា និងលើកទឹកចិត្តដល់ប្រជាជនដែលប្រកបរបរមានលក្ខណៈតូច និងមធ្យម ហើយស្ថិតក្រៅប្រព័ន្ធ អាចចូលរួមក្នុងការចុះបញ្ជី និងរួមចំណែកក្នុងការអនុវត្តគោលនយោបាយបាន, រាជរដ្ឋាភិបាលបានដាក់ចេញនូវការអនុគ្រោះដែលជាអត្ថប្រយោជន៍ជាច្រើនជូនដល់សហគ្រាសធុនតូច និងមធ្យម មានជាអាទិ៍៖ ១) ផ្តល់ការលើកលែងការផាកពិន័យ និងបំណុលទាំងអស់ក្នុងឆ្នាំ២០២៣-២០២៨ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមក ដើម្បីបើកផ្លូវឱ្យសហគ្រាសដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចធ្វើអន្តរកាល និងចាប់ផ្តើមអាជីវកម្មថ្មីនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធដោយមិនមានការព្រួយបារម្ភ, ២) ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនមីក្រូ ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ ដោយលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ និងកម្រៃសេវាធ្វើបច្ចុប្បន្នភាព, ៣) ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ តាម​រយៈការលើកលែងពិន័យទោសទណ្ឌ និងបំណុលពន្ធ ចំពោះការមិនបានបំពេញ អនុលោមភាពកន្លងមកមុនការចុះបញ្ជី លើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ និងកម្រៃសេវាធ្វើបច្ចុប្បន្នភាពនៅពេលចុះបញ្ជី និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល២ឆ្នាំ ក្រោយការចុះបញ្ជី, ៤) ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនមធ្យម ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤-២០២៥ តាមរយៈការលើកលែងពិន័យទោសទណ្ឌ និងបំណុលពន្ធ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជី, ៥) ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច និងមធ្យម ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤ ឬឆ្នាំ២០២៥ តាមរយៈការលើកលែងការបង់ពន្ធប៉ាតង់សម្រាប់រយៈពេល ២ឆ្នាំ បន្ទាប់ពីទទួលបានការសម្រេចឱ្យចុះបញ្ជី, ៦) កាត់បន្ថយថ្លៃសេវាសម្រាប់ការផ្តល់សេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស និងការចុះបញ្ជិកាសៀវភៅ បញ្ជីប្រចាំគ្រឹះស្ថាន និងសៀវភៅបើកប្រាក់ខែ សម្រាប់សហគ្រាសដែលមានចំនួនកម្មករ និយោជិតតិចជាង ៨នាក់, ៧) ពង្រឹងយន្តការស្វ័យត្រួតពិនិត្យ និងពង្រឹងការអនុវត្តយន្តការក្រុមអធិការកិច្ចអន្តរក្រសួង នៅថ្នាក់ជាតិ ដើម្បីធានាការចុះធ្វើអធិការកិច្ចរួមគ្នាក្នុងពេលតែមួយនិងមួយលើកក្នុងមួយឆ្នាំ, ៨) រៀបចំការ​ចុះ​ត្រួតពិនិត្យ ឬធ្វើ​អធិការកិច្ច​រួមគ្នា​ក្នុង​ពេល​តែមួយនិងតែមួយលើកក្នុងមួយឆ្នាំ​ នៅថ្នាក់ក្រោមជាតិ​ សម្រាប់គ្រប់សហគ្រាសដែលបានឬមិនទាន់បានចុះបញ្ជី ឬស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗ និង៩) រៀបចំបង្កើតបទដ្ឋានគតិយុត្ត ក្របខ័ណ្ឌ និងយន្តការ ដែលផ្តល់ស្ថានភាពស្របច្បាប់(Legal Status) ជាសហគ្រាសធុនមីក្រូនិងតូច(MSEs) ដោយភ្ជាប់ជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗ ដូចជាការលើកលែងការបង់ថ្លៃសេវារដ្ឋបាលនានា សម្រាប់រយៈពេល ៥ឆ្នាំ ជាដើម។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមផងដែរថា ដើម្បីទទួលបានជោគជ័យ ក្នុងអនុវត្តយុទ្ធសាស្ត្រជាតិនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវអាទិភាពជាយុទ្ធសាស្ត្រ ៥ ចំណុច ដូចជា៖ទី១) ​កំណត់ កែសម្រួល និងរៀបចំយន្តការ ដែលបង្កលក្ខណៈងាយស្រួលដើម្បីឈានចូលក្នុងប្រព័ន្ធ ៖ រាជរដ្ឋាភិបាល នឹងពង្រឹងយន្តការគ្រប់គ្រង និង ភាពប្រទាក់ក្រឡារវាងវិធានការដែលត្រូវអនុវត្តដោយក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីធានាសង្គតិភាព និងប្រសិទ្ធភាពក្នុងការអនុវត្ត​ និងការកែសម្រួលនីតិវិធីឱ្យបានជាអតិបរមា។ ទី២) រាជរដ្ឋាភិបាលនឹងកាត់បន្ថយបន្ទុកលើការបំពេញអនុលោមភាពឱ្យបានជាអតិបរមា, បញ្ចៀសនូវការបង្កើតបទដ្ឋានគតិយុត្តច្រើន និង ធានានូវភាពអាចប៉ាន់ប្រមាណបាន សម្រាប់ការប្រកបមុខរបរ និងធ្វើការងារ។ ទី៣) ផ្តល់ការគាំពារ និងការគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ ៖ រាជរដ្ឋាភិបាល នឹងពង្រីក និង ពង្រឹងវិសាលភាពនៃមូលនិធិសមធម៌សុខាភិបាល ព្រមទាំងផ្តល់ការគាំទ្រផ្នែកសុវត្ថិភាពការងារ សំដៅធានាផ្តល់នូវការគាំពារសុខភាព ដល់ក្រុមអាទិភាពដើម្បីឱ្យមានលទ្ធភាពនិងអាចរស់នៅក្នុងប្រព័ន្ធ ក្នុងកម្រិតជីវភាពមួយសមរម្យ និងមិនធ្លាក់ចូលទៅក្នុងភាពក្រីក្រ ឬទទួលរងហានិភ័យខាងជីវភាព ។ ទី៤) ​រាជរដ្ឋាភិបាល នឹងលើកកម្ពស់គុណភាព និងភាពងាយស្រួលក្នុងការទទួលបានសេវាសាធារណៈនិងការគាំទ្រផ្សេងៗ, ការពង្រឹងការបណ្តុះបណ្តាលជំនាញ, ការបង្កើតលទ្ធភាពស្វែងរកទីផ្សារ ជាដើម ក្នុងគោលដៅជំរុញឱ្យអ្នកដែលបានឈានចូលក្នុងប្រព័ន្ធរីកធំធាត់ និងអាចចូលរួមពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ និងទី៥) ​រាជរដ្ឋាភិបាល នឹងពង្រីក និងពង្រឹងប្រសិទ្ធភាពនៃការផ្សព្វផ្សាយ, និងការលើកកម្ពស់ការយល់ដឹង អំពីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ព្រមទាំងការយល់ដឹងអំពីអត្ថប្រយោជន៍នៃការឈានចូលក្នុងប្រព័ន្ធ។ ទន្ទឹមគ្នានេះរាជរដ្ឋាភិបាលក៏នឹងជំរុញការរៀបចំសម្ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកកម្ពស់កិច្ចសន្ទនា និងការចូលរួមក្នុងការរៀបចំគោលនយោបាយផ្សេងៗ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close