សមត្ថកិច្ច បានអប់រំ ពន្យល់ណែនាំ ដល់បុគ្គល រូបនេះ ឲ្យចេះស្រលាញ់ប្រពន្ធ កូន បញ្ឈប់ការប្រើអំពើហិង្សា

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឃើញគណនីហ្វេកប៊ុក ដែលមានឈ្មោះ សុខទូច កំពត បានបង្ហោះវីដេអូ មានរយៈពេល១នាទី និង១៦វិនាទី កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីអំពើហិង្សាក្នុងគ្រួសារ នៅភូមិកណ្តាញ់ ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។

ជុំវិញករណីនេះ ស្នងការដ្ឋាននគរបាលខេត្តកំពត សូមបំភ្លឺជូនសាធារណជន ដូចខាងក្រោម៖

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ស្នងការ ទៅដល់អធិការដ្ឋាននគរបាលស្រុកបន្ទាយមាស ចុះពិនិត្យ និងស្រាវជ្រាវករណីខាងលើនេះភ្លាម ជាលទ្ធផល៖

កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលបន្ទាយមាសខាងលិច បានចុះទៅដល់ផ្ទះប្រជាពលរដ្ឋដែលបានបង្ហោះវីដេអូនោះ ដោយបានហៅឈ្មោះ អ៊ីង កើត ភេទប្រុស អាយុ ៤១ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិកណ្តាញ់ ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ដើម្បីសាកសួរ ពាក់ព័ន្ធនឹងករណីហិង្សាក្នុងគ្រួសារនេះ តាមការសាកសួរ ឈ្មោះ អ៊ីង កើត បានសារភាពថា ខ្លួនពិតជាបានប្រើអំពើហិង្សាមកលើ ប្រពន្ធខ្លួន ដោយសារតែទាស់សម្តីគ្នា ហើយករណីខាងលើនេះ បានកើតឡើង ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៣ ហើយបច្ចុប្បន្ននេះ ពីរនាក់ប្តីប្រពន្ធនេះ មានភាពល្អូកល្អិននឹងគ្នា មិនមានការឈ្លោះទាស់ទែងគ្នាទៀតឡើយ។

បន្ទាប់ពីបានសាកសួរចប់សព្វគ្រប់ ប្រពន្ធរបស់ឈ្មោះ អ៊ីង កើត បានសំណូមពរដល់សមត្ថកិច្ចឱ្យជួយណែនាំអប់រំ ធ្វើកិច្ចសន្យាដល់ប្តីរបស់គាត់ អោយបញ្ឈប់សកម្មភាពដូចធ្លាប់ធ្វើកន្លងមកតទៅទៀត និងសុំឱ្យសមត្ថកិច្ច កុំដាក់ទោសទណ្ឌទៅលើប្តីរបស់គាត់ ។

សមត្ថកិច្ចក៏បានអប់រំ ពន្យល់ណែនាំ ដល់បុគ្គលខាងលើ ឲ្យចេះស្រលាញ់ប្រពន្ធ កូន បញ្ឈប់ការប្រើអំពើហិង្សា ចាប់ពីពេលនេះតទៅ ។

ស្នងការដ្ឋាននគរបាលខេត្តកំពត សូមបំភ្លឺជូនសាធារណជន អ្នកសារព័ត៌មាន ជាពិសេសអ្នកលេងបណ្តាញសង្គម មេត្តាទទួលជ្រាបជាព័ត៌មាន ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close