ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញ លោក គី មុន្នីរ័ត្ន អគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងប៉ាសេ ខេត្តចំប៉ាសាក់ បាននាំស្រ្តីរងគ្រោះ៦នាក់ ពីប្រទេសឡាវ ចូលមកកម្ពុជាវិញនៅច្រកអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង ។
លោក អគ្គកុងស៊ុល បានឱ្យដឹងថា ស្រ្តីរងគ្រោះទាំង៦នាក់ គឺមកពីខេត្តព្រះសីហនុ១នាក់ ខេត្តកំពត២នាក់ ខេត្តកំពង់ស្ពឺ២នាក់ និងរាជធានីភ្នំពេញ១នាក់ ត្រូវបានស្ថានទូតកម្ពុជាប្រចាំរដ្ឋធានីវៀងចន្ទន៍ ទំនាក់ទំនងជាមួយមន្រ្តីប៉ូលិស ឡាវជួយសង្រ្គោះពីខេត្តបរកែវ តំបន់ត្រីកោណកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២៣។
បន្ទាប់ពីមានការសង្រ្គោះរួចហើយ បានទំនាក់ទំនងមកប៉ុស្តិ៍នគរបាលច្រកទ្វាអន្តរជាតិត្រពាំងក្រៀលដើម្បីជួយសម្រួលធ្វើបែបបទប្រគល់ទទួលស្រ្តីរងគ្រោះ៦នាក់ត្រឡប់ចូលប្រទេសកម្ពុជាវិញ។
ស្រ្តីរងគ្រោះ ក្នុងចំណោម៦នាក់បានឱ្យដឹងថា. ពួកគេបានចាញបោកមេខ្យល់យកទៅធ្វើការនៅប្រទេសឡាវតំបន់ត្រីកោណ តាំងពីខែសីហា ឆ្នាំ២០២៣ គឺមានរយៈពេល១ខែ១០ថ្ងៃគត់ ដោយ ដំបូងគឺការនៅផ្នែកKTVបម្រើសេវ៉ា24ម៉ោង ហើយបាន៣ថ្ងៃ ថៅកែនៅទីនោះឱ្យធ្វើជាស្រ្តីបំរើផ្លូវភេទ២៤ម៉ោង លើ២៤ម៉ោងវិញ ដោយមានសកម្មភាពបែបនោះទើបពួកគេដែលរងគ្រោះបានបង្ហោះសារ តាមបណ្ដាញសង្គមហ្វេសប៊ុក អំពាវនាវឱ្យ សមត្ថកិច្ច ជួយកាលពីព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣។
លោកជំទាវ កែវ សាវឿន អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែងរួមនិងមន្ទីរកិច្ចការនារី ខេត្ត មន្ទីរសង្គមកិច្ចខេត្ត និងមន្ទីរព័ត៌មានខេត្ត បានទទួលស្រ្តីរងគ្រោះទាំង៦នាក់ដោយក្តីរីករាយបំផុត ខណៈពេលស្រ្តីទាំងនោះបានបង្ហោះសារឱ្យជួយសង្រ្គោះនិងអន្តរាគមន៍ពីសំណាក់ស្ថានទូតកម្ពុជា ។
លោកជំទាវអភិបាលរងខេត្តបានផ្តល់នូវប្រសាសន៍ថា រាជរដ្ឋាភិបាល មិនប្រងើយកន្តើយទេគឺតែងតែមានការយកចិត្តទុក្ខដាក់ជានិច្ចក្នុងកិច្ចអន្តរាគមន៍ដើម្បីជួយសង្រ្គោះ ផ្តល់នៅភាពកក់ក្តៅជានិច្ចចំពោះប្រជាជនកម្ពុជា ជាក់ស្តែងដូចស្រ្តីរងគ្រោះទាំង៦នាក់នេះ គឺបានជួយរួចផុតពីការចាញ់បោកមេខ្យល់យកទៅលក់បំរើផ្លូវភេទនៅតំបន់ត្រីកោណ។
លោកជំទាវ អភិបាលរងខេត្តបានថ្លែងអំណរគុណដល់អាជ្ញាធរឡាវ មានកិច្ចសហការប្រសើរ បំផុតជាមួយស្ថានទូតកម្ពុជា រំដោះស្រ្តីរងគ្រោះកម្ពុជាឱ្យរួចផុតពីជនខិលខូចនាំយកទៅលក់បំរើផ្លូវ ភេទ។
គូសបញ្ជាក់ថា៖ ស្ត្រីរងគ្រោះចាញ់បោកជនខិលខួចនាំទៅបម្រើការនៅប្រទេសឡាវ (ផ្នែកKTVបម្រើសេវ៉ា24h)ពេលនេះត្រូវបានអគ្គកុងសុលខ្មែរប្រចាំនៅក្រុងប៉ាក់សេ ខេត្តចំប៉ាសាក់ ប្រទេសឡាវ បានធ្វើការប្រគល់ ជូនរដ្ឋបាលខេត្តស្ទឹងត្រែង និងរដ្ឋបាលខេត្តស្ទឹងត្រែង បានទទួល និងប្រគល់ភ្លាមៗនៅអាគារប៉ុស្តិ៍ច្រកទ្វាព្រំដែនអន្តរជាតិត្រពាំងគ្រៀល ជូនអង្គការ ការីតាស កម្ពុជា (Caritas Cambodia) ដែលមានទីស្នាក់ការនៅខេត្តកណ្តាល តាមរយះ អគ្គនាយកដ្ឋានគាំពារជនរងគ្រោះ នៃក្រសួងសង្គមកិច្ច អតីតយុវជន យុវនិតិសប្បទា ដើម្បីទទួលយកទៅស្នាក់នៅបណ្តោះអាសន្ន មើលថែទាំ និងព្យាបាលជម្ងឺផ្សេងៗ៕
ដោយ៖ អ៊ុល គឹមលាង