ឯកឧត្តម ហ៊ុយ វណ្ណៈ ៖ ការបិទបាំងអត្តសញ្ញាណ ៖ កុមារ ជនសង្ស័យ ជនរងគ្រោះ អ្នកជំងឺ រូបភាពព្រៃផ្សៃ ឃាតកម្ម អត្តឃាត ហិង្សា គឺសុទ្ធតែជាក្រុមជនដែលត្រូវការពារទាំងតម្លៃមនុស្ស និងផលប៉ះពាល់យូរអង្វែង
ភ្នំពេញ៖ នារាត្រីថ្ងៃទី២០ កញ្ញា ២០២៣ តាមរយៈ គណនី ហ្វេសប៊ុក ផ្លូវការ ឯកឧត្តម ហ៊ុយ វណ្ណៈ បានបង្ហោះដោយភ្ជាប់ខ្លឹមសារ ដូចខាងក្រោម៖
«សុជីវធម៌ & ក្រមសីលធម៌» សម្រាប់អ្នកធ្វើការក្នុងទម្រង់ផ្សព្វផ្សាយជាសាធារណៈ គួរយល់ដឹង!
១/. គោលការណ៍ “Off the Record” គឺ ការស្នើសុំមិនឱ្យបញ្ចេញឈ្មោះ។ ប្រភពមួយចំនួនចង់និយាយប្រាប់អ្នកកាសែតឬអ្នកផ្សាយ តែគេស្នើសុំលាក់ឈ្មោះ។ ដូច្នេះ អ្នកត្រូវគោរពគោលការណ៍នេះ។ បើអ្នកមិនគោរព គឺប្រភពអាចឈប់និយាយរក ឬឈប់ផ្តល់ដំណឹងឱ្យ ហើយអ្នកក៏មានកំហុសជាសីលធម៌លើចំណុចនេះដែរ។
២/. ចុះបើប្រភពស្នើសុំកុំឱ្យថត Live? លើបញ្ហាផ្ទាល់ខ្លួនបុគ្គល បើគេស្នើ គឺគប្បីស្តាប់ហេតុផលរបស់អ្នកស្នើសុំ ពីព្រោះ «សេរីភាព» វាអត់ធំជាង «សិទ្ធិមនុស្ស & តម្លៃមនុស្ស» ទេ។ បើអ្នកនៅតែបំពានលើសិទ្ធិគេ ហើយគេមិនសុខចិត្ត នោះគេមានសិទ្ធិតាមផ្លូវច្បាប់ ប្តឹងអ្នកទៅតុលាការដើម្បីរកយុត្តិធម៌បាន ចំពោះការបំផ្លាញឯកជនភាពរបស់គេ។ សូម្បីនៅក្នុងកិច្ចប្រជុំខ្លះ គេមានសិទ្ធិមិនអនុញ្ញាតឱ្យអ្នកផ្សាយចូលទៅ ហើយសូម្បីក្នុងដំណើរការក្តីរបស់តុលាការ គឺតុលាការអាចបើកសវនាការជំនុំជម្រះជាអសាធារណៈបានដែរ លើករណីខ្លះ។ វាជាក្រឹត្យក្រមនៃ «ក្រមសីលធម៌ & វិជ្ជាជីវៈ» ដែលអ្នកត្រូវតែយល់ដឹង និងអនុវត្ត។
៣/. ការបិទបាំងអត្តសញ្ញាណ ៖ កុមារ ជនសង្ស័យ ជនរងគ្រោះ អ្នកជំងឺ រូបភាពព្រៃផ្សៃ ឃាតកម្ម អត្តឃាត ហិង្សា គឺសុទ្ធតែជាក្រុមជនដែលត្រូវការពារទាំងតម្លៃមនុស្ស និងផលប៉ះពាល់យូរអង្វែង។ រូបភាពទាំងនេះ សុទ្ធតែប៉ះពាល់ដល់ចិត្តសាស្ត្រសង្គម និងសីលធម៌សង្គម។ ដូច្នេះហើយ កន្លងមកយើងធ្លាប់ឃើញកាសែតមានវិជ្ជាជីវៈ ប្រើឈ្មោះសំគាល់ ត្រឹមអក្សរកាត់ ដាក់ថា នាងរងគ្រោះឈ្មោះ ស. រ … ដើម្បីការពារតម្លៃនាង អនាគតនាង និងក្រុមគ្រួសារទាំងមូល កុំឱ្យសង្គមរើសអើង។ កុំប្រាប់ថា អ្នកនេះព្រម អ្នកនោះអនុញ្ញាតឱ្យធ្វើ! មិនទេ គឺបង្ហាញមិនបានទេ។ អ្នកគឺជាជនដំបូងគេបំផុត ដែលត្រូវយល់ដឹងពីសុជីវធម៌ និងក្រមសីលធម៌នេះ ហើយមានកាតព្វកិច្ចចូលរួមការពារអត្តសញ្ញាណតម្លៃគាត់ និងតម្លៃមនុស្សជារួម។
៤/. ចុះបើលោកអ្នកដែលមិនទាន់យល់ដឹងលើក្រមសីលធម៌នេះ ហើយបែរជាបកស្រាយវិញថា ការលាតត្រដាងនេះដើម្បីជួយ រួមទាំងជួយផ្នែកមនុស្សធម៌ផង? ចម្លើយខ្លី៖ បើចង់ជួយ ក៏គេមិនជ្រើសយកវិធីជួយតាមរបៀប «ដុតផ្ទះ ដើម្បីស្ងោរពងមាន់នោះដែរ» ហើយក៏មិនអាចយកហេតុផល ដើម្បីប្រមូលលុយ ១០០$ ឬ១ម៉ឺនដុល្លារ ដូរជាមួយតម្លៃនៃជីវិតមនុស្សនោះទេ។ លុយ មិនអាចទូទាត់ជាមួយជីវិតមនុស្សទេ។ កន្លងមក ខ្ញុំធ្លាប់ទាមទារឱ្យអង្គការបរទេសមួយ សុំទោសស្ត្រីខ្មែរ ដោយសារតែដើម្បីការស្វែងរកប្រាក់ជំនួយ ស្រាប់តែគាត់ផលិតរឿងអំពីស្ត្រីខ្មែរយើងថា «ម្តាយលក់កូន ដោយសារតែភាពក្រីក្រ» ផ្សាយនៅទូរទស្សន៍ CNN។
ទឹកចិត្តជួយគ្នា គឺជារឿងដ៏ត្រឹមត្រូវ ប៉ុន្តែត្រូវខិតខំរកវិធីដែលត្រឹមត្រូវដើម្បីជួយ ជួយឱ្យត្រូវ ហើយត្រូវមុខជំនាញ និងគណនាឱ្យបានគ្រប់ទិដ្ឋភាព ទាំងលើរបៀបធ្វើ និងផលប៉ះពាល់យូរអង្វែង។
*** ការចែករំលែកខាងលើនេះ គឺជាធម្មទាន ក្នុងបំណងល្អ សម្រាប់ការពារតម្លៃវិជ្ជាជីវៈ ការពារតម្លៃមនុស្ស និងលើកតម្កើងតម្លៃសីលធម៌សង្គមរបស់យើងទាំងមូល៕