កងរាជអាវុធហត្ថខេត្តកណ្តាល និងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការស្រាវជ្រាវ បង្ក្រាបមុខសញ្ញាគាល់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ

ខេត្តកណ្តាល៖ អនុវត្តភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថគឺ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសអនុវត្តតាមប្រសាសន៏ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលលោក តែងតែយកចិត្តទុកដាក់ខ្ពស់ដាស់តឿនក្រើនរម្លឹកជាប្រចាំ ដល់មេបញ្ជាការ គ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ឃាតកម្ម ក្មេងទំនើងជាដើម គឺត្រូវស្រាវជ្រាវបង្ក្រាបឲ្យបានទាន់ពេលវេលា។

   អនុវត្តន៏តាមទិសស្លោក របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស « ប្រទេសត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ដល់ជំនាញ និងមេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានក្រុង ស្រុក ឲ្យយកចិត្តទុកដាក់អនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់នូវរាល់បទបញ្ជា របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសតួនាទី ភារកិច្ចស្នូល។

ជាក់ស្តែងករណីលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះយកទ្រព្យសម្បត្តិ ដោយប្រើអាវុធខ្លី) កើតហេតុនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល នៅពេលដែលជនរងគ្រោះចេញពីផ្ទះទៅបង្រៀនសិស្សនៅសាលាវិទ្យាល័យ ហើយប្រពន្ធនិងកូនៗចេញទៅលក់ដូរនៅផ្សារអស់ពីផ្ទះ។​ នៅពេលប្រពន្ធជនរងគ្រោះត្រលប់មកផ្ទះវិញ ឃើញមានស្នាមគាស់ទ្វារផ្ទះ បង្អូច ទ្វារទូ ក៏ទូរសព្ទ័ ហៅប្តីឲ្យមកមើល និងបានរាយការណ៍មកសមត្ថកិច្ចកងរាជអាវុធហត្ថចុះស្រាវជ្រាវជាក់ស្តែង ទើបដឹងថាបាត់បង់ទ្រព្យសម្បត្តិមួយចំនួនដូចខាងក្រោម៖

-រថយន្ត ចំនួន០១គ្រឿង ម៉ាក TOYOTA HIGH LANDER ពណ៌ទឹកមាស សេរីឆ្នាំ២០០២ ពាក់ស្លាកលេខ ភ្នំពេញ 2-6425

-គ្រឿងអលង្ការមួយចំនួនគិតជាទឹកប្រាក់ជិត ១០០០ដុល្លារ

-ប្រាក់រៀលចំនួន ៧.០០០.០០០៛​(ប្រាំពីរលានរៀល)

       បន្ទាប់ពីចុះត្រួតពិនិត្យកន្លែងកើតហេតុយ៉ាងយកចិត្តទុកដាក់ ល្អិតល្អន់ រួចមកលោកឧត្តមសេនីយ៏ត្រី សំតុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនិងដាក់បទបញ្ជា ទិសដៅឲ្យជំនាញធ្វើការស្រាវជ្រាវតាមជំនាញ ទាំងយប់ទាំងថ្ងៃអស់រយៈពេល១៨ថ្ងៃទើបបង្ក្រាបបាន ក្រោយពីកំណត់មុខសញ្ញានិងស្វែងរកឃើញជនសង្សយ័។​ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៏ត្រី សំ តុលា

បញ្ជា ដឹកនាំរួម និងចុះផ្ទាល់ដោយលោក វរសេនីយ៍ឯក ទូច អុីណាន ដឹកនាំកម្លាំជំនាញខេត្ត ស្រុកពាក់ពន្ធ័ សហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងសហការដឹកនាំរួមដោយស្នងការជំនាញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ពិសេសដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល និងលោកជំទាវព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ និងការចូលរួមពីអាជ្ញាធរមូលដ្ឋានផងនោះ ទើបឈានដល់ការឃាត់ខ្លួនជនសង្សយ័ម្នាក់ឈ្មោះ សារាវុទ្ធី ហៅ ( សុជាតិ , សារ៉ាត់) ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ កំពុងលាងរថយន្ត (របស់ជនរងគ្រោះ) នៅផ្ទះជួល ស្ថិតក្នុង ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ពេលឃើសមត្ថកិច្ចកងរាជអាវុធហត្ថភ្លាម ជនសង្ស័យរត់ចូលផ្ទះ ស្រាតខោអាវ សល់តែខោក្នុង រួចរត់ឡើងលើដំបូលផ្ទះឆ្លងពីមួយទៅដំបូលផ្ទះមួយទៀត ហើយលោតចុះដី ក៏ត្រូវកម្លាំងឡោមពទ្ធ័ចាប់បានតែម្តង។ ជំនាញកងរាជអាវុធហត្ថខេត្តកណ្តាលនិងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាំខ្លួនជនសង្ស័យនិងវត្ថុតាង រួមមាន៖

១-រថយន្តចំនួន០១ គ្រឿង ម៉ាក TOYOTA HIGH LANDER ពណ៌ទឹកមាស សេរីឆ្នាំ២០០២ ពាក់ស្លាកលេខ ភ្នំពេញ 2-5885 (ផ្លាកលេខពាក់ថ្មី) របស់ជនរងគ្រោះ

២-ម៉ូតូចំនួន ០១គ្រឿងម៉ាក SCOOPY ពណ៍ស ពាក់ស្លាក លេខភ្នំពេញ 1 – 0336 (លួចគេ)

៣-អាវុធខ្លី​ចំនួន ០១ដើមម៉ាក K.54 គ្មានលេខ បង់ចំនួន ០១មានគ្រាប់ចំនួន ០៤គ្រាប់

៤-ស្លាករថយន្តចំនួន ០២បន្ទះមុខក្រោយលេខភ្នំពេញ-2 6425 និងស្លាកលេខម៉ូតូ ចំនួន ០២បន្ទះ (ស្លាកលេខ ភ្នំពេញ 1-7313 និងផ្លាកលេខ ភ្នំពេញ 1-2181)។​

៥- ទូរសព្ទ័ចំនួន០២គ្រឿង និងសម្ភារៈសម្រាប់ធ្វើសកម្មភាព មួយចំនួនទៀត។

៦-ដែកកាងដំបូលរថយន្តចំនួន ០៤ដើម និងកាងកន្ទុយក្រោយពណ៍ទឹកមាសចំនួន០១ (ដោះចេញពីរថយន្តជនរងគ្រោះ)

៧-សោររថយន្តចំនួន០២គ្រាប់ សោរម៉ូតូចំនួន០៤គ្រាប់ ដុំសោរម៉ូតូចំនួន០២គ្រាប់

៨-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់ជនសង្សយ័ចំនួន ០៣សន្លឹក និងឯកសារមួយចំនួនទៀត។

នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថ ជនស្សយ័ឈ្មោះ សារាវុទ្ធី  បានឆ្លើយសារភាពថា កន្លងមកខ្លួនធ្លាប់ប្រកបមុខរបរទិញលក់ម៉ូតូ គ្មានប្រភពច្បាស់លាស់ គ្មានឯកសារ (ទទួលផលចោរកម្ម) ជាច្រើនលើក យកមកលក់បន្តឲ្យអ្នកផ្សេង ដោយអះអាងថា ម៉ូតូកាប់សាច់ ម៉ូតូគ្មានពន្ធ ។ល។ ហើយរូបគេក៏ធ្លាប់ធ្វើសកម្មភាពលួចម៉ូតូ (កាច់ក) បានសម្រេចជាច្រើនលើកក្នុងភូមិសាស្ត្ររាជធានៅភ្នំពេញ និងតាមបណ្តាខេត្ត។ ជាក់ស្តែងម៉ូតូ SCOOPY ខាងលើជនរងគ្រោះ (ម្ចាស់) បានបញ្ជាក់ថា ត្រូវចោរចូលកាច់ ក ក្នុងផ្ទះរបស់គាត់នៅរាជធានីភ្នំពេញ។ ចំពោះស្លាកលេខម៉ូតូដែលបន្សល់ទុកនៅក្នុងផ្ទះ ដែលសមត្ថកិច្ចដកហូតនេះគឺខ្លួនធ្វើសកម្មភាពកាច់ ក នៅខេត្តបន្ទាយមានជយ័ ហើយលក់តែម៉ូតូ ដោះស្លាកលេខទុក រីឯស្លាកលេខរថយន្តដែលយកមកបំពាក់លើរថយន្តជនរងគ្រោះគឺខ្លួនទិញពីគេ សម្រាប់ដោះដូរបំពាក់ពីរថយន្តមួយទៅរថយន្តមួយ។ រូបគេក៏ធ្លាប់រកសុីទិញ លក់អាវុធខ្លីកាលកំឡុងឆ្នាំ២០២០ ហើយអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរទាំងបីសន្លឹក (ឈ្មោះខុសគ្នា រូបថតមនុស្សតែម្នាក់) គឺខ្លួនពឹងពាក់គេឲ្យធ្វើ។

សកម្មភាពចុងក្រោយដែលសមត្ថកិច្ចឃាត់ខ្លួននោះគឺ រូបគេនិងបក្ខពួកពីរនាក់ទៀតបបួលគ្នាជិះរថយន្តធ្វើសកម្មភាពកាច់ ក រថយន្ត ម៉ូតូ គាស់ផ្ទះ លុះជិះរថយន្តដល់ចំណុចផ្ទះជនរងគ្រោះខាងលើ ឃើញឱកាសល្អក៏នាំគ្នាធ្វើសកម្មភាពតែម្តង គឺរូបគេជាអ្នកចូលទៅគាស់ទ្វារផ្ទះ គាស់បង្អួច ឈ្មោះ វុធ ចូលតាមក្រោយ ឈ្មោះត្រេន នៅយាមផ្លូវ ។ ក្រោយពីគាស់ទ្វារទូ រើកកាយ រកឃើញប្រាក់ គ្រឿងអលង្ការ រួចហើយ រូបគេបើករថយន្តជនរងគ្រោះ ជិះយកមកលាក់ទុកនៅផ្ទះជួលស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយមកទៀតក៏យកមកទុកនៅផ្ទះជួល ស្ថិតក្នុងឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (កន្លែងឃាត់ខ្លួន) ទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ដែលគេលួចបានគឺយកមកចែកគ្នាក្នុងម្នាក់ៗទទួលបាន២.០០០.០០០៛(ពីរលានរៀល) រូបគេ(សារាវុទ្ធី) ប្រគល់ប្រាក់បន្ថែមទៅឲ្យឈ្មោះ រ៉ាវុធ និងឈ្មោះ ត្រេន ក្នុងម្នាក់ៗ ៥០០$ ដើម្បីយករថយន្តទុកប្រើប្រាស់។

    នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ជនសង្សយ័ឈ្មោះ សារាវុទ្ធី និងវត្ថុតាងខាងលើ ត្រូវបានជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល និងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល ក្រោមការចោទប្រកាន់នូវបទល្មើស ១-លួចដោយមានស្ថានទម្ងន់ទោស (គាស់ផ្ទះយកទ្រព្យសម្បត្តិ , កាច់ ក ម៉ូតូ) ២-រក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់ ៣-ក្លែងឯកសារសាធារណៈ (អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ ,លិខិតលែងលះ) ។ ដោយឡែករថយន្ត និងម៉ូតូ ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ តាមការស្នើសុំ និងមានការឯកភាពពីតំណាងអយ្យការ អមសាលាដំបូងខេត្តកណ្តាល។ បច្ចុប្បន្នជំនាញកងរាជអាវុធហត្ថកំពុងបន្តស្រាវជ្រាវនៅមុខសញ្ញាពាក់ព័ន្ធផ្សេងៗទៀត។

អត្ថបទដែលជាប់ទាក់ទង
Open

Close