ឯកឧត្តម សាយ សំអាល់ បញ្ជាក់ថា ៖ ត្រូវពិនិត្យលទ្ធភាពដើម្បីរៀបចំចុះបញ្ជីអគារសហកម្មសិទ្ធិ និងពន្លឿនការចុះបញ្ជីដីធ្លីដែលនៅសេសសល់ ជូនប្រជាពលរដ្ឋដែលជាតម្លៃ នៃទុនវិនិយោគ
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជាក់ថា ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីតាមបណ្តារាជធានី-ខេត្ត ត្រូវពិនិត្យលទ្ធភាពដើម្បីរៀបចំចុះបញ្ជីអគារសហកម្មសិទ្ធិ និងពន្លឿនការចុះបញ្ជីដីធ្លីដែលនៅសេសសល់ ជូនប្រជាពលរដ្ឋដែលជាតម្លៃនៃទុនវិនិយោគ។
ជាមួយគ្នានេះ ត្រូវគិតគូរបញ្ចូលសេវាសាធារណៈចាំបាច់ របស់ច្រកចេញចូលតែមួយ ជាបណ្តេីរៗទៅក្នុងប្រព័ន្ធឌីជីថល ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាលឿនរហ័ស និងជឿទុកចិត្តបាន។
រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តថា ចំពោះ កិច្ចការរៀបចំនគរូបនីយកម្មនៅខេត្តសៀមរាប ត្រូវពិនិត្យមើលការរៀបចំក្រុងយើងអោយឆ្លើយតបទៅនឹងប៉ូលសេដ្ឋកិច្ចវប្បធម៌ និងទេសចរណ៍ ដែលជាខឿនទ្រទ្រង់សេដ្ឋកិច្ចរបស់ខេត្ត និងគិតគូរយ៉ាងណាអោយប្រជាជនអាចរស់នៅបានសុខដុមរមនា ទទួលផ្លែផ្កាពីផែនការរៀបចំទីក្រុងមួយនេះ។
កិច្ចប្រជុំជីវភាពរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារ និងទិសដៅអនុវត្តការងារបន្តរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប។