ទិដ្ឋភាពខ្លះៗ ក្នុងក្រុងសៀមរាប ក្រោយភ្លៀងយប់ម៉ិញ

ខេត្តសៀមរាប៖ អាជ្ញាធរខេត្ត បញ្ជាក់អោយដឹងថា ចាប់ពីវេលាម៉ោង ៦ និង ៣០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ភ្លៀងបានបង្អុរយ៉ាងខ្លាំងលើសពី ៨០មីលីម៉ែត្រ ដែលបណ្តាលឱ្យជន់លិចមួយរយៈពេលខ្លី ក្នុងភូមិសាស្ត្រមួយចំនួនក្នុងក្រុងសៀមរាប។ ប៉ុន្តែទឹកនេះនឹងស្រកវិញ យ៉ាងយូរបំផុត ២ម៉ោង បន្ទាប់ពីភ្លៀងធ្លាក់ត្រូវបានថមថយ ឬរាំងភ្លៀងតែម្តង។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏បានណែនាំដល់មន្ទីរជំនាញពិនិត្យ ដោះស្រាយបើមានការកកស្ទះលូរ ដោយសហការជាមួយអាជ្ញាធរក្រុង សង្កាត់។

រដ្ឋបាលខេត្ត និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏បានណែនាំដល់រដ្ឋបាលក្រុង ស្រុក និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយក្រុង ស្រុក បន្តយកចិត្តទុកដាក់តាមដាន និងឆ្លើយតបបន្ទាន់នូវគ្រោះថ្នាក់នានាប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋផងដែរ។

រដ្ឋបាលខេត្តសៀមរាប សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ កុំចោលសំរាមពាសវាលពាសកាល បណ្តាលឱ្យហូរចូលតាមលូ ប្រឡាយជាដើម និងក៏សូមបង្កើតការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ពេលមានការជន់លិចនេះ បើទោះមានរយៈពេលខ្លីក៏ដោយ។

អត្ថបទដែលជាប់ទាក់ទង
Open

Close