ចុះបង្ក្រាបទីតាំងកែច្នៃ វេចខ្ចប់ ស្តុក ចែកចាយ ប្រេងម៉ាស៊ីនម៉ាក TOTAL និង TRA CHANG ក្លែងក្លាយ នៅសង្កាត់ស្វាយប៉ាក
រាជធានីភ្នំពេញ៖ សមត្ថកិច្ច បញ្ជាក់ថា នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចនៃនាយកដ្ឋាបនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចមូលដ្ឋានខណ្ឌឫស្សីកែវ បានចុះបង្ក្រាបទីតាំងកែច្នៃ វេចខ្ចប់ ស្តុក ចែកចាយ ប្រេងម៉ាស៊ីនម៉ាក TOTAL និង TRA CHANG ក្លែងក្លាយ នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ក្រោមការបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា ដោយមានការសម្របសម្រួលនីតិវិធីផ្ទាល់ដោយលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងគ្មានលេខផ្លូវ១០០៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីកែច្នៃ វេចខ្ចប់ ស្តុក ចែកចាយ ប្រេងម៉ាស៊ីនម៉ាក TOTAL និង TRA CHANG ក្លែងក្លាយ ។
ក្រោយពីការឆែកឆេរត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញនូវសម្ភារបំរើឲ្យការងារវេចខ្ចប់ប្រេងម៉ាស៊ីនក្លែងក្លាយជាច្រើន ដូចជាសំបកពុយ សំបកធុង សំបកកេស សំបកដប តែមប្រិ៍ យ ស្ទ័គឃ័រ រូមនិងឧបករណ៍សម្រាប់ច្រក ចំនួន០២ ព្រមទាំងប្រេងម៉ាស៊ីនច្រករួចប្រមាណជិត ៣០០កេស ដែលសរុបទាំងអស់ប្រមាណជាង ១២តោន ។
បន្ទាប់ពីបានត្រួតពិនិត្យចប់សព្វគ្រប់ លោកព្រះរាជអាជ្ញារង បានសម្រេចអោយសមត្ថកិច្ចធ្វើការដកហូតសម្ភារទាំងអស់ ដោយរក្សាទុកនៅក្នុងឃ្លាំងដាក់សម្ភារនៃទីតាំងខាងលើ និងបិទផ្លំបេរផ្អាកដំណើរការទីតាំងជាបណ្តោះអាសន្ន ដើម្បីធ្វើការពិនិត្យស្រាវជ្រាវបន្ត ។
ចំពោះម្ចាស់ទីតាំង ០២រូប (ស្រី១ ប្រុស១) ត្រូវបានអញ្ជើញទៅបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី។
សូមជម្រាបថា ប្រតិបត្តិការនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ក្រុម Tilleke & Gibbins (Cambodia) Ltd. ដែលជាក្រុមហ៊ុនតំណាងឲ្យក្រុមហ៊ុន Total Energies និងបន្ទាប់ពីការស៊ើបអង្កេតស្រាវជ្រាវរបស់សមត្ថកិច្ចអស់រយៈពេលប្រហែល ០២ខែកន្លងមកហើយ ៕