សមត្ថកិច្ច អំពាវនាវ ដល់សាធារណៈជន សូមមេត្តាកុំធ្វើការសន្និដ្ឋានវាយតម្លៃរឿងហេតុដោយពុំមានមូលដ្ឋាន ច្បាស់លាស់

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណៈជន អ្នកសារ ព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាបនូវ ករណី បង្ក្រាបគ្រឿងញៀននៅថ្ងៃទី១១-០៨- ២០២៣ម៉ោង១០:៣០នាទី មានប្រជាពលរដ្ឋឈ្មោះ ងួន ង៉ាន ភេទប្រុស អាយុ៣៩ឆ្នាំ បានរាយការណ៍ថាមានឈ្មោះ លាង ឡាង ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិពោធិរៀង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី បានឲ្យខ្លួនទៅយកថ្នាំញៀន ចំនួន ៤០០.០០០រៀល នៅចំណុចវត្តដងរុន ភូមិដងរុន ឃុំបន្ទាយនាង ស្រុកមង្គលបូរី។

ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា កម្លាំងជំនាញស្រុកមង្គលបូរី បានចុះទៅដល់វត្តដងរុន ប្រទះឃើញជនសង្ស័យឈ្មោះ លាង ឡាង ភេទប្រុស អាយុ ៣២ឆ្នាំ ជិះម៉ូតូក្នុងវត្តដៃកាន់ទូរស័ព្ទបម្រុងគេចខ្លួនកម្លាំង យើងឃើញចាប់ឃាត់ខ្លួន ហើយត្រួតពិនិត្យរកគ្រឿងញៀន ជនសង្ស័យឆ្លើយថា ខ្លួនបានបោះថ្នាំញៀនចោលតែមិន បានប្រាប់ថាបោះចោលនៅកន្លែងណា បន្ទាប់មកក៏បាននាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីសាកសួរ បន្ថែម ជនសង្ស័យបានសុំហូបបាយ និងសុំជួបម្ដាយមីងឈ្មោះ ធា បានគាត់ដឹងពីជម្ងឺខ្ញុំយ៉ាងមិច។

ពេលនោះ សមត្ថកិច្ចបានឲ្យបាយហូបមួយកញ្ចប់ហូបមិនទាន់រួចផង ជនសង្ស័យថាឈឺពោះហើយសុំទឹកផឹកអស់ជាច្រើនដប សុំចូលបន្ទប់ទឹក ឃើញជនសង្ស័យយកទឹកស្រោចខ្លួនស្រែកថាក្ដៅណាស់ៗ យើងមានការសង្ស័យថា ជនសង្ស័យ អាចលេបថ្នាំញៀនចូលក្នុងពោះ ឃើញជនសង្ស័យមានអាការៈប្លែក បែកពពុះមាត់លូនចេញពីបន្ទប់ទឹក ភ្លាមនោះ (នៅម៉ោង១៣:០០នាទី)កម្លាំងបានបញ្ជូនទៅកាន់មន្ទីរពេទ្យរួចបានធ្វើ តេស្តទឹកនោមរកសារធាតុញៀន(វិជ្ជមាន)។

ហើយក្រុមគ្រូពេទ្យបានជួយសង្គ្រោះជាបន្ទាន់រហូតដល់ម៉ោង១៧:១៥នាទីជនសង្ស័យបានស្លាប់។ ក្រុមគ្រូពេទ្យនិង នគរបាលជំនាញកោសល្យវិច្ឆ័យធ្វើការត្រួតពិនិត្យឃើញថា ជនសង្ស័យពិតជាស្លាប់ ដោយសារ គាំងបេះដូង ក្រុមគ្រួសារសពបានទទួលស្គាល់តាមការពិនិត្យរបស់ក្រុមគ្រូពេទ្យក្នុងករណីស្លាប់នេះគឺដោយសារគាំងបេះដូង ពិតប្រាកដមែន។

ក្រោយពីមានការឯកភាពពី ឯកឧត្ដមព្រះរាជអាជ្ញា កំលាំងជំនាញបានប្រគល់សាកសពជូនក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

យើងខ្ញុំសូមអំពាវនាវដល់សាធារណៈជន សូមមេត្តាកុំធ្វើការសន្និដ្ឋានវាយតម្លៃរឿងហេតុដោយពុំមានមូលដ្ឋាន ច្បាស់លាស់ នាំអោយប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលឬស្ថាប័នអនុវត្តច្បាប់។ អាស្រ័យហេតុនេះ សូមសាធារណៈជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តទទួលជ្រាបជាព័ត៌មាន។

អត្ថបទដែលជាប់ទាក់ទង
Open

Close