កណ្ដាល៖ ករណី ខ្មាន់កាំភ្លើងបានលួចបាញ់ប្រហារលើប្ដីប្រពន្ធមួយគូបណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់នៅក្រោមផ្ទះរបស់ខ្លួនកាលពីវេលាម៉ោង៣និង២០ទៀបភ្លឺ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ប្រភពប្រាប់អោយដឹងថា សពជនរងគ្រោះ២នាក់៖
ទី១. ឈ្មោះ ម៉ុច ម៉ៅ ភេទប្រុស អាយុ៤៧ មុខរបរ ចិញ្ចឹមសត្វទា ទិញលក់ពងទា និងលក់ចំណីសត្វទា រស់នៅភូមិឃុំកើតហេតុ ត្រូវជាប្ដី។
និងទី២.ឈ្មោះ គល់ ហ៊ាន់ ភេទស្រី អាយុ៤៥ឆ្នាំ ត្រូវជាប្រពន្ធ។
ប្រភពពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានប្រមូលយកវត្ថុតាងមួយចំនួនរួមមាន៖ សំបកគ្រាប់កាំភ្លើងចំនួន០៩គ្រាប់ និងក្បាល់គ្រាប់កាំភ្លើងចំនួន០៣គ្រាប់ ហើយជនសង្ស័យមានគ្នា០៣នាក់ដែលមិនទាន់ស្គាល់អត្តសញ្ញាណ។
បើតាមការបញ្ជាក់ពី អ្នកនាំពាក្យ និងជាស្នងការ ងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី បានឲ្យបណ្ដាញព័ត៌មាន ដឹង នៅព្រឹកនេះនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១០យប់ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធបាននាំគ្នាចូលទៅសំរាន្តនៅលើគ្រែក្រោមផ្ទះរបស់ខ្លួនដូចសព្វដង ចំណែកឯឈ្មោះ ស៊ាន់ សេងហ័ង ភេទប្រុស អាយុ ១៩ឆ្នាំ ត្រូវជាកម្មករដើរប្រមូលពងទាក៏ដេកនៅលើគ្រែមួយទៀតក្បែរគ្រែជនរងគ្រោះចំហៀងខាងលិច ចំនែកឯកូនរបស់ជនរងគ្រោះឈ្មោះ ម៉ៅ ម៉ាច ភេទប្រុស បាន ដេកនៅក្នុងបន្ទប់ជាមួយប្រពន្ធក្នុងបន្ទប់ក្បែរគ្រែជនរងគ្រោះចំហៀងខាងជើង និងកូនប្រុសរបស់ជនរងគ្រោះម្នាក់ទៀតឈ្មោះ ម៉ៅ ឧត្តម បាន ដេកនៅលើផ្ទះជាមួយប្រពន្ធ។
លោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី បានបន្តថា លុះដល់វេលាម៉ោងប្រហែល៣និង២០ទៀបភ្លឺស្រាប់តែមានជនសង្ស័យ០៣ នាក់ មិនស្គាល់ អត្តសញ្ញាណ បានចូលមកបាញ់ជនរងគ្រោះទាំង២នាក់ បណ្តាលឲ្យស្លាប់តែម្តង។
លោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី បានបន្តឲ្យដឹងបន្ថែមថា ករណីខាងលើនេះ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្តកណ្ដាលកំពុងដុតដៃដុតជើងសស្រាក់សស្រាំបើកការ ស៊ើបអង្កេតចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត៕