ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងគ្រប់ប្រភេទមួយកន្លែង ឃាត់ខ្លួន មនុស្សប្រុសស្រីចំនួន ១៥នាក់ (ស្រី០៥នាក់) ដកហូតវត្ថុតាងកំព្យូទ័រ ជាង១០គ្រឿង។
ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៣រសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០២៣ ដឹកនាំចុះបង្ក្រាប់ដោយលោក ណុប ផា អភិបាលរងនៃគណៈអភិបាលខណ្ឌ ៧មករា នៅចំណុចផ្ទះលេខ 29Eo ផ្លូវលេខ១០៩ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។
មន្ត្រីជំនាញបានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងគ្រប់ប្រភេទនេះកម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងច្បាស់ថាទីតាំងនេះប្រាកដជាបើកល្បែងស៊ីសងគ្រប់ប្រភេទមានដូចជាជល់មាន់អនឡាញ បៀរក្រាត និងផ្សេងៗទៀតពាក់ព័ន្ធនឹងល្បែងស៊ីសង។
ដូច្នេះកម្លាំងបានធ្វើការឆ្មក់ចុះបង្ក្រាបបាននិងឃាត់ខ្លួនមនុស្សចំនួន ១៥នាក់ប្រុសស្រីនៅវត្ថុតាងពាក់ព័ន្ធនឹងល្បែងស៊ីសងនេះមួយចំនួនធំ។
ក្រោយបញ្ចប់ប្រតិបត្តិការកម្លាំងបាននាំមនុស្សប្រុសស្រីចំនួន ១៥នាក់ទៅអធិការដ្ឋាននគរបាលខណ្ឌ ៧មករាដើម្បី សួរនាំកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕