ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមបំភ្លឺឆ្លេីយតបទៅនិងគណនីហ្វេសប៊ុកឈ្មោះ Houng Champa បានបង្ហោះវីដេអូមានខ្លឹមសារថា៖ ធ្លាយម៉ូតូ ធ្លាយឡានលើស្ពានអ្នកលឿង វីដេអូសង្ខេបសម្រាប់ឆក់ដែកគោល វីស ដែកកាំកង់លើស្ពានអ្នកលឿង។
ក្រោយពីទទួលបានព័ត៌មានខាងលេីរួចលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដាក់បទបញ្ជាឲ្យលោកអធិការនគរបាលស្រុកលើកដែក ស្រាវជ្រាវករណីខាងលើជាបន្ទាន់ ។
ជាលទ្ធផល៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៩ និង ៣០នាទីព្រឹក លោកអធិការបានបញ្ជាកម្លាំងជំនាញសណ្តាប់ធ្នាប់ស្រុក រួមជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកទន្លាប់ និងកំពង់ភ្នំ បានស្រាវជ្រាវកោះហៅប្រជាពលរដ្ឋដែលមានមុខរបររកសុីប៉ះម៉ូតូឡានចល័តនៅតាមបណ្តោយផ្លូវជាតិលេខ១ ចំណុចស្ពានអ្នកលឿងមកសាកសួរបំភ្លឺរួមមាន៖
១-លោក គង់ វិបុល ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
២-លោក ហុត ធូ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
-អាជ្ញាធរស្រុកលើកដែកដែលមាន លោក ចាប ច័ន្ទវិទ្យា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានដាក់ផែនការដល់អាជ្ញាធរឃុំព្រែកទន្លាប់ និងឃុំកំពង់ភ្នំ និងកងកម្លាំងទាំង៣ ប្រភេទក្នុងស្រុក និងប្រជាការពារ សិក្សានុសិស្សវិទ្យាល័យកំពង់ភ្នំ ធ្វើការបោសសំអាតជាប្រចាំក្នុង ១សប្តាហ៍មាន២ថ្ងៃគឺនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ និងបានធ្វើការអប់រំដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវឲ្យចូលរួមថែរក្សានិងសំអាតបរិស្ថានចាប់ពីគល់ស្ពានរហូតដល់លើស្ពាន និងបានដាក់អំពូលសូឡាបំភ្លឺសងខាងផ្លូវចាប់ពីគល់ស្ពានអ្នកលឿងត្រើយខាងលិចរហូតដល់ព្រំប្រទល់ស្រុកកៀនស្វាយក្នុងការជួយសម្រួលនិងកាត់បន្ថយគ្រោះថ្នាក់ដល់ពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ១ នេះ។
-ផ្លូវជាតិលេខ១ មានលំហូរចរាចរណ៍ចេញ-ចូលច្រើន ជាក់ស្តែងរថយន្តដឹកទំនិញដឹករបស់របរអេតចាយឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយដែលជាហេតុធ្វើឱ្យកំទេច កំទីដែកទាំងនោះធ្លាក់លើផ្លូវ ពិសេសចំណុចចង្អូរលកបន្ថយល្បឿន។
+ចំណាត់ការ៖
-ធ្វើកិច្ចសន្យាអប់រំលើកទី១ ដល់ពួកគាត់ទាំងពីរនាក់មិនឱ្យទៅប្រកបមុខរបរប៉ះម៉ូតូ ឡានចល័តនៅលើស្ពានអ្នកលឿងបន្តទៀតទេ។
-ករណីឃើញមានពួកកាត់ទៅប្រកបមុខរបរនេះនៅលើស្ពានទៀតសមត្ថកិច្ចនឹងធ្វើការដកហូតសម្ភាររកសុីនេះមកកន្លែងសមត្ថកិច្ចរហូតមិនប្រគល់ជូនពួកគាត់វិញឡើយ។
-ករណីឃើញពួកគាត់ទាំងពីរ និងប្រជាពលរដ្ឋផ្សេងទៀតធ្វើសកម្មភាពបាចដែកគោល វីស និងដែកកាំកង់នៅលើស្ពាន គឺសមត្ថកិច្ចចាប់ឃាត់ខ្លួន និងកសាងឯកសារទៅតុលាការតាមនីតិវិធីច្បាប់។
-ចំពោះ ករណីខាងលើ កម្លាំងជំនាញស្រុកលើកដែក និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកទន្លាប់ និងកំពង់ភ្នំ និងបន្តស្រាវជ្រាវ រកអ្នកផ្សេងទៀតដែលប្រព្រឹត្តល្មើសច្បាប់ដើម្បីចាត់ការទៅតាមនីតិវិធី។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាបជាព័ត៌មាន៕