ខេត្តរតនគិរី ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត បានចាប់ចៅប្រុសបង្កើតរបស់ថៅកែហាងភោជនីយដ្ឋានពន្លឺថ្មី នៅក្រុងបានលុង បន្ទាប់ពីចៅប្រុសរូបនេះជាអ្នកដុតហាងបណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខូចខាតស្ទើរអស់ទាំងស្រុងដោយគិតជាទឹកប្រាក់ជាង៥០ម៉ឺនដុល្លារ (អាមេរិក)។
លោក តេង សាវុធ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា ករណីអគ្គិភ័យឆាបឆេះភោជនីយដ្ឋានពន្លឺថ្មី មានទីតាំងស្ថិតនៅក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង កម្លាំងសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាចៅប្រុសម្ចាស់ទីតាំង ពាក់ព័ន្ធករណីលួចដុតហាងរបស់ជីតាខ្លួន ដោយសារតែខឹងនិងជីតាកាត់កាលចោល។
លោកបានបញ្ជាក់ថា ការចាប់ខ្លួននេះបានធ្វើឡើងនៅព្រលប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីសមត្ថកិច្ចបានសាកសួរទៅកាន់ម្ចាស់ទីតាំងឈ្មោះ ងួន ចាន់ទ្រី អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ ដែលម្ចាស់ហាងរូបនេះសង្ស័យថា មិនមែនជាករណីឆ្លងចរន្ដអគ្គិសនីនោះទេ។ ក្រោយមកសមត្ថកិច្ចបានប្រើវិធានជំនាញ ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះ ងួន លីហេង អាយុ១៧ឆ្នាំ ជាចៅបង្កើតរបស់ម្ចាស់ទីតាំង។
ឈ្មោះ ងួន លីហេង នៅចំពោះមុខកម្លាំងមានសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាអ្នកធ្វើសកម្មភាព លួចដុតភោជនីយដ្ឋានជីតារបស់ខ្លួនពិតប្រាកដមែន ដោយសារខឹងជីតាកាត់កាលចោល។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង១១និង៣០យប់រំលងអធ្រាត្រ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣ មានករណីឆេះភោជនីយដ្ឋានពន្លឺថ្មី ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ឆេះអស់ខូចខាតទ្រព្យសម្បត្តិប្រមាណជា៥០ម៉ឺនដុល្លារ(អាមេរិក)។
តាមការបញ្ជាក់ពីម្ចាស់ហាងឈ្មោះ ងួន ចាន់ទ្រី បានឲ្យដឹងថា មុនពេលកើតហេតុ ទ្វារចំហៀងបានរប៉ើកស៊ុមកញ្ចក់ម្ខាង ហើយសង្ស័យលូកដៃបើកគន្លឹះទ្វារនៅខាងក្នុងចូល ដោយមិនបានចាក់សោ។
លោកបានបញ្ជាក់ថា ពេលនោះមានអណ្ដាតភ្លើងចេញពីកន្លែងធុងបាស ក្នុងនោះមានម៉ូតូបីគ្រឿងប៉ុន្តែបាត់ម៉ូតូរបស់លោកមួយគ្រឿងយកទៅបាត់។
ក្នុងហេតុការណ៍នេះ កម្លាំងនគរបាលនៃពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបានប្រើប្រាស់ឡានទឹកអស់ជាង៤០ឡាន៕