កងរាជអាវុធហត្ថខេត្តកណ្តាល ស្រាវជ្រាវចាប់ខ្លួនឃាតករជាប្តី ចាក់សម្លាប់ប្រពន្ធ ក្រោយរត់គេចខ្លួនមួយថ្ងៃ

ខេត្តកណ្តាល អនុវត្តភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសអនុវត្តតាមប្រសាសន៏ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលលោកតែងតែយកចិត្តទុកដាក់ខ្ពស់ដាស់តឿនក្រើនរម្លឹកដល់ មេបញ្ជាការ គ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ឃាតកម្មជាដើម ពិសេសត្រូវក្តាប់ឲ្យបជាប់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបង្ក្រាបឲ្យបានរាល់បទល្មើសដែលកើតឡើង នៅមុន-ពេល -ក្រោយពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ (២៣.៧.២០២៣) នេះតែម្តង ។

 អនុវត្តន៏តាមទិសស្លោក របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស « ប្រទេសត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំ បញ្ជាដោយផ្ទាល់ ព្រមទាំងមានការសម្រមសម្រួលនីតិវិធី ពីឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល ។ ចុះដឹកនាំអនុវត្តផ្ទាល់ដោយលោក វរសេនីយ៍ឯក ទូច អុីណាន មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ បង្ក្រាបបទល្មើស រួមជាមួយមន្ត្រីជំនាញខេត្ត និងលោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកកៀនស្វាយ ព្រមទាំងសហការី។ 

ជាក់ស្តែងករណីឃាតកម្មប្តីចាក់សម្លាប់ប្រពន្ធ កាលពីវេលាម៉ោង១៨ និង៣០នាទី យប់ថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ នៅចំណុចផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ចុះស្រាវជ្រាវ ស្វែងរុករកឃាតករទាំងថ្ងៃទាំងយប់រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យជាប្តីបាននៅវេលាម៉ោង ២០ និង០០នាទី ថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២៣ ដែលកំពុងសង្ងំលាក់ខ្លួនក្នុងចំការស្វាយ ស្ថិតនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

 នៅចំពោះមុខមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ជនសង្ស័យជាឃាតករ ឈ្មោះអឿន សុិន អាយុ ៤៤ឆ្នាំ មុខរបរកសិករ ត្រូវជាប្តីជនរងគ្រោះ រស់នៅឃុំកើតហេតុ បានសារភាពថា ខ្លួនពិតជាបានយកកាំបិតចុងស្រួចចាក់សម្លាប់ប្រពន្ធ ឈ្មោះ សែម  គឹមសាន អាយុ ៤៤ឆ្នាំ មុខរបរកសិករ រស់នៅឃុំកើតហេតុជាមួយជនសង្ស័យ (ប្តី) ពេលឃើញប្រពន្ធកំពុងផឹកសុីជាមួយអ្នកភូមិពិតប្រាកដមែន ។

 ក្រោយពីធ្វើសកម្មភាពរួចរូបគេក៏កាន់កាំបិតរត់មកផ្ទះវិញ ហើយបោះកាំបិតនោះនៅលើគ្រែ ក្បែរពាងទឹក នៅក្រៅផ្ទះហើយក៏រត់ទៅពួនក្នុងចំការស្វាយមួយចំងាយពីផ្ទះប្រហែលជាង ៥០០ម៉ែត្រ និងបានទូរសព្ទ័ទៅកូនស្រីរបស់ខ្លួនប្រាប់ថា «អញចាក់សម្លាប់ម៉ែឯងហើយ ទៅមើលផង»។ លុះយប់ថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២៣ ដោយរូបគេស្រែកទឹកផង ឃ្លានបាយផង ទើបដើរចេញពីក្នុងចំការស្វាយសំដៅមកភូមិ ក៏ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនតែម្តង។ មូលហេតុដែលខ្លួនចាក់សម្លាប់ប្រពន្ធគឺដោយសារប្រចណ្ឌ ខឹងនឹងប្រពន្ធ ចេះតែដើរផឹកសុីជាមួយប្រុសៗ មិនសូវចូលផ្ទះមើលកូនៗ និងខ្លួនជាប្តី ហើយម៉្យាងទៀតប្រពន្ធខ្លួន ខ្ចីលុយគេរាប់មុឺនដុល្លារ មិនរវល់រកប្រាក់សងគេ បែរជាទុកឲ្យរូបគេជាប្តីសងម្ចាស់បំណុលទៅវិញ។

         

ជនរងគ្រោះបានស្លាប់ពេលប្រជាពលរដ្ឋយកទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពឃុំសំរោងធំ ស្រុកកៀនស្វាយ។ តាមការពិនិត្យនិងធ្វើកោសលវិច្ច័យសាកសព ឃើញមានស្នាមរបួសចំនួនបួនកន្លែង

 (១.លើដោះខាងឆ្វេង ២. ចំហៀងដោះខាងស្តាំ ៣. ក្រោមឆ្អឹងជំនីខាងស្តាំ ៤.ក្រោយខ្នងខាងឆ្វេង )។ សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះជូនកូន និងសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី នៅផ្ទះជនរងគ្រោះ។

ជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តកណ្តាលនិងពន្ធនាគាររួច ដើម្បីចាត់ការតាមផ្លូវច្បាប់។

អត្ថបទដែលជាប់ទាក់ទង
Open

Close