បុរី à ressorts villa គេចវេះ មិនជួបដោះស្រាយបញ្ហាជាមួយអតិថិជន និងទាមទារ រឹបអូសប្រាក់រាប់ សែនដុល្លារ អាមេរិក និងផ្ទះ ខុស ពី កិច្ចសន្យា

ភ្នំពេញ៖ យោងតាមលិខិតស្នើសុំ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ដែលមានអតិថិជនចំនួន ០៧ គ្រួសារ បានទិញផ្ទះវីឡានៅបុរី à ressorts villa ពីក្រុមហ៊ុន ហេង & មុន អ៊ិនវេសមេន ឯ.ក បានស្នើសុំជួបម្ចាស់បុរីជាច្រើនដងដើម្បីដោះស្រាយបញ្ហា ក្រោយពេលដែលបុរីជូនដំណឹងអំពីការរឹបអូសប្រាក់ និងផ្ទះរបស់ខ្លួន ដោយមិនមានមូលដ្ឋានត្រឹមត្រូវ ។ បុរី à ressorts villa មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ (ផ្លូវ ជា សុផារ៉ា) ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលត្រូវបានគេស្គាល់ថាជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានមួយរបស់ក្រុមហ៊ុន ហេង & មុន អ៊ិនវេសមេន ឯ.ក តំណាងដោយលោក លឹម ហេង និងលោកស្រី កែវ មុន ។

អតិថិជនទាំង ០៧ គ្រួសារ បានចុះកិច្ចសន្យាទិញ-លក់អចលនវត្ថុ ដែលមានតម្លៃសរុបចំនួន ៤.១៩៣.០០០ (បួនលានមួយសែនប្រាំបួនម៉ឺនបីពាន់) ដុលា្លរអាមេរិកគត់ និងបានបង់ប្រាក់ជូនបុរីប្រហែលចំនួន ៦៣៥.៦០៦ (ប្រាំមួយសែនបីម៉ឺនប្រាំពាន់ប្រាំមួយរយប្រាំមួយ) ដុល្លារអាមេរិក រួចមកហើយ ។ ស្រាប់តែពេលថ្មីៗនេះ បុគ្គលិកបុរីបានទាក់ទងមកអតិថិជន ដោយជូនដំណឹងបង្ខំឱ្យអតិថិជនទូទាត់ប្រាក់ថ្លៃផ្ទះបង្រ្គប់ ដែលផ្ទុយពីលក្ខខណ្ឌក្នុងកិច្ចសន្យា ដោយបុគ្គលិកបុរីបានដាក់សម្ពាធបន្ថែមទៀតថា ប្រសិនបើអតិថិជនមិនទូទាត់ប្រាក់តាមការជូនដំណឹងនោះទេ ខាងបុរីនឹងរឹបអូសយកប្រាក់ថ្លៃផ្ទះទាំងអស់ដែលអតិថិជនបានបង់កន្លងមក ។

ករណីដែលអតិថិជនរងគ្រោះទាំង ០៧ គ្រួសារ បានជួបប្រទះជាមួយបុរី គឺមានករណីផ្សេងៗគ្នា ដោយខាងបុរី មិន ដែលចាត់តំណាងណាម្នាក់ ឬ មេធាវីរបស់ខ្លួន ចេញមុខដោះស្រាយ និង ឆ្លើយរាល់សំណួរផ្សេងៗ ដែលអតិថិជនបាន លើក ឡើង ឡើយ ។ ករណីជាច្រើនដែលម្ចាស់ផ្ទះបានជួបស្រដៀងគ្នានោះ គឺទិញពីឈ្មោះ លឹម សុខ តែប្រតិបត្តិការ បង់ប្រាក់ទៅ បុគ្គលម្នាក់ទៀតឈ្មោះ លឹម លី ខណៈដែលបុរីតំណាងដោយ ឈ្មោះ លឹម ហេង និងពុំមានលិខិត ប្រគល់ សិទ្ធិ ត្រឹមត្រូវ ។ អតិថិជនខ្លះបាន ដាក់ពាក្យ ស្នើសុំបង់ ប្រាក់ បន្ត ឯខ្លះទៀតស្នើសុំចរចាបង់ប្រាក់បង្រ្គប់ ៥០% សិន រហូតដល់ផ្ទះសាងសង់រួច និងខ្លះទៀតសុំទុកពេលដើម្បីស្វែងរកអ្នកទិញបន្ត ប៉ុន្តែរាល់បញ្ហាខាងលើភាគីបុរីមិនដែលឆ្លើយតបវិញឡើយ ។

ម្យ៉ាងវិញទៀត មានសារឆ្លើយឆ្លង របស់អតិថិជនមួយចំនួនត្រូវបានបុគ្គលិកបុរីលុបចោល ដែលជាហេតុធ្វើ ឱ្យ អតិថិជន មានភាពងឿងឆ្ងល់ និងយល់ ថាបុរីមានបញ្ហាមិនប្រក្រតី ។ បន្ទាប់ពីព្យាយាម ទាក់ទងតាមទូរស័ព្ទជា ច្រើនដងទៅខាងបុរី តែមិនទទួលបានការឆ្លើយតបឡើយ ទើបអតិថិជនមួយចំនួនបានធ្វើដំណើរទៅជួបបុរីផ្ទាល់ ដល់ ការិយា ល័យ ប៉ុន្តែនៅតែ មិនមាន លទ្ធផល ដោយ បុគ្គលិក ចាស់ៗបានលាឈប់ទាំងអស់ និងជំនួស ដោយបុគ្គលិក ថ្មីដែលមិនដឹងសាវតារឿង និងមិនអាច ដោះ ស្រាយ បញ្ហាជូនអតិថិជនបាន ។

អតិថិជនទាំងអស់ គ្រាន់តែចង់ស្នើសុំនូវដំណោះស្រាយតាមយុទ្ធសាស្រ្តមួយស្របតាម ការលើក ឡើង របស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានលើកឡើងថ្មីៗនេះ និងបាន អំពាវនាវ ឱ្យម្ចាស់បុរីទាំង អស់ចេញមកដោះស្រាយជាមួយអតិថិជនដើម្បីរកចំណុចរួមមួយដែលអាចបញ្ចប់វិវាទបានឆាប់ ។ ប៉ុន្តែបែរជាខាងបុរី à ressorts villa យកឈ្មោះថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល មកធ្វើការគាបសង្កត់ដល់ភាគីអតិថិជនទៅវិញ ដែលកត្តា នេះ ធ្វើឱ្យប៉ះពាល់ យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

អតិថិជនទាំងអស់នៅតែសង្ឃឹមថាភាគីម្ចាស់បុរីនឹងចេញមុខមកដោះស្រាយ ក្រោយពេលទទួលបានលិខិតស្នើសុំខាងលើ ដើម្បីឱ្យស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដែលបានអំពាវនាវឱ្យម្ចាស់បុរីបញ្ឈប់ការរឹបអូសយកប្រាក់ និងផ្ទះប្រជាពលរដ្ឋ ៕

ពាក់ព័ន្ធ​ករណី​នេះ​ដែរ​អង្គភាព​សារព័ត៌មាន​យេីង​បាន​ទំនាក់ទំនង​ទៅ​ខាង​បុរីà ressorts villa​ តាម​រយះលេខ​ទូរស័ព្ទ​ 087 596 597 នៅ​ម៉ោង​12​ និង​ 54 នាទី​ដោយ​បុគ្គលិក​ខាងបុរីà ressorts villa​ បាន​បញ្ជាក់​ថា​លោក​ជា​បុគ្គល​ថ្មី​ ហើយ​ពាក់ព័ន្ធ​​បញ្ហា​នេះ​លោក​​​មិន​បាន​ដឹង​ទេ​ ទាល់​សួរ​ថ្នាក់​លេី​ ហេីយ​លោក​បន្ដថា​ចាំ​សួរ​មេ​សិន​។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close