អាជ្ញាធរខេត្តកំពត ៖ ពិតជាមានការចាក់ដី ចូលដៃព្រែក មែន!

រដ្ឋបាលខេត្តកំពត បញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋពាក់ព័ន្ធ និងករណីមានការចាក់ដី និងធ្វើខឿនចូលក្នុងដៃព្រែកត្រពាំងរពៅដែលជាផ្លូវសម្រាប់ចរាចរណ៍ទូកនេសាទចេញចូលរបស់ប្រជានេសាទ បន្ទាប់ពីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្រុងបូកគោរួចមក នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះទៅពិនិត្យដល់ទីតាំងជាក់ស្តែង ដោយមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ។

បន្ទាប់ពីពិនិត្យមើលជាក់ស្តែងឃើញថា ទីតាំងនោះពិតជាមានការចាក់ដីចូលដៃព្រែក ដែលជាផ្លូវសម្រាប់ចរាចរណ៍ទូកនេសាទពិតប្រាកដមែន។ 

ភ្លាមៗនោះ ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាឱ្យម្ចាស់ទីតាំងខាងលើកាយចេញជាបន្ទាន់ ដោយធ្វើយ៉ាងណារក្សានូវជម្រៅទឹក និងទំហំទីតាំងតាមលំនាំដើម។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធត្រូវចុះមកត្រួតពិនិត្យដោយផ្ទាល់ជាមួយម្ចាស់ទីតាំង ព្រមទាំងអនុវត្តន៍តាមការណែនាំខាងលើឱ្យបានឆាប់បំផុត។

ទន្ទឹមនឹងនោះដែរ ឯកឧត្តមអភិបាលខេត្តកំពត ក៏បានប្រាប់ទៅកាន់អាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យឱ្យបានញឹកញាប់ និងណែនាំប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដៃព្រែកត្រពាំងរពៅនេះ កុំឱ្យមានការចាក់ដីរំលោភយកចំណីព្រែកដែលជាផ្លូវទឹកធម្មជាតិ ដោយរក្សាឱ្យបាននូវទំរង់ដែលមានពីដើមមក។ 

ហើយប្រសិនបើអ្នកដែលបំពាន មានចរិតរឹងរួស មិនព្រមសហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ គឺត្រូវអនុវត្តន៍ទៅតាមនីតិវិធីច្បាប់ដោយគ្មានការលើកលែង៕

អត្ថបទដែលជាប់ទាក់ទង
Open

Close