ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទៅធ្វើការអប់រំណែនាំក្រុមក្មេងទំនើងចំនួន ០២ក្រុម មានគ្នា ២៥នាក់ ស្រី ០១នាក់ ដែលបានបង្កករណីហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលប្រាសចាកពីបំណងប្រាថ្នារបស់សង្គមជាតិ អាចចាត់ទុកជាជនសង្ស័យ នៃការប្រព្រឹត្តអំពើល្មើស ក៏ប៉ុន្តែប្អូនៗស្ថិតក្នុងវ័យសិក្សា ដែលបានប្រព្រឹត្តក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា នេះជាការអប់រំ ព្រោះក្រុមក្មេងទាំងនេះបង្កើតជាបក្ខពួកបង្កអំពើហឹង្សាឈានទៅយកម៉ូតូអ្នកដទៃ ដូច្នេះយើងត្រូវចូលរួមទាំងអស់គ្នាមានដូចជា ទី១.ឪពុក ម្តាយ ២.សហគមមានមេភូមិ ចៅសង្កាត់ចូលរួម ៣.សហគមគ្រូបង្រៀន ៤.កងកម្លាំងប្រដាប់អាវុធ ៥ស្ថាប័នតុលាការ។ ហើយក្រុមទាំង៥នេះ ត្រូវបង្កើត telegram ក្នុងការចូលរួមតាមដានគ្រប់គ្រងឱ្យមានប្រសិទ្ធភាព ពួកគេបានយល់ពីកំហុស និងឈប់បង្កើតជាបក្សពួកបន្តទៀតធានាយកទៅរស់នៅក្នុងសហគមន៍វិញ ហើយនូវរាល់ចេញទៅសាលារៀន ឪពុកម្តាយ ត្រូវរាយការចូលក្នុងក្រុម telegram ដល់សាលានាយកសាលាត្រូវត្រួតពិនិត្យវត្តមានឪ្យបានត្រឹមត្រូវរាយការណ៍ពីការវិលត្រឡប់ទៅផ្ទះនៅពេលកូនរបស់ខ្លួនទៅដល់ផ្ទះ អាណាព្យាបាលត្រូវរាយការណ៍ចូលក្នុងក្រុម ដើម្បីធានាថាកូនរបស់ពួកគាត់បានវិលត្រឡប់មកដល់ផ្ទះវិញហើយ បើសិនក្មេងទាំងអស់នេះគេចមិនចូលសាលា គ្រូត្រូវរាយការណ៍មកអាណាព្យាបាល ដើម្បីយើងមានវិធានការទប់ស្កាត់បានទាន់ពេលវេលា។
ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យក្រុមក្មេងទំនើងទាំងនេះ ត្រូវទៅបង្ហាញខ្លួននៅប៉ុស្តិ៍រដ្ឋបាលក្នុងមួយអាទិត្យឱ្យបានម្តង រយៈពេល ១០អាទិត្យ ដើម្បីធានាថា កូនរបស់អស់លោកបានធ្វើការកែខ្លួនឱ្យមានគុណតម្លៃដល់ក្រុមគ្រួសារ ប្រសិនបើនៅតែបន្តបង្កើតក្រុមបក្សពួក ប្រើអំពើហឹង្សាលើកក្រោយមិនមានការលើកលែងនោះទេ គឺអនុវត្តទៅតាមផ្លូវច្បាប់ជាធរមាន ព្រមទាំស្នើសុំឱ្យអាណាព្យាបាលត្រូវធានាកូនយកទៅវិញ និងបន្តខិតខំអប់រំកូនចៅរបស់ខ្លួនឱ្យបានល្អ និងអនុវត្តវិធានការអប់រំឱ្យបានហ្មត់ចត់ ដោយធ្វើការតាមដានដាក់វិន័យតាមគ្រួសារ ទន្ទឹមនោះសហគមទាំង៥ ត្រូវរួមគ្នាសហការតាមដានជាប់ជាប្រចាំ ហើយនេះក៏ជាឱកាសចុងក្រោយសម្រាប់ផ្តល់ឱកាសឱ្យក្រុមក្មេងទាំង ២៥នាក់ វិលចូលការសិក្សាវិញ ហើយការបង្កើតបក្ខពួកប្រព្រឹត្តអំពើល្មើស ជាអំពើដែលសង្គមជាតិស្អប់ខ្ពើមជាទីបំផុត បង្កអសន្តិសុខក្នុងសង្គម ត្រូវស្តាប់តាមការអប់រំរបស់ឪពុក ម្តាយ និងសហគមមូលដ្ឋានឪ្យបានជាប់ជាប្រចាំ។