អាជ្ញាធរ ហៅម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ដែលបង្កក្លិនស្អុយលើអ្នកភូមិ សិស្សសាលា និងព្រះសង្ឃ ទៅធ្វើកិច្ចសន្យាឲ្យឈប់បង្កបញ្ហាទៀត
(កំពង់ស្ពឺ)៖ អាជ្ញាធរថ្នាក់ក្រុង និងសង្កាត់ កាលពីពេលថ្មីៗនេះ បានអញ្ជើញម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ពង ដែលរងការរិះគន់ពីប្រជាពលរដ្ឋ ព្រះសង្ឃ និងសិស្សានុសិស្ស ថាបានបង្កក្លិនស្អុយរាប់ឆ្នាំ ឲ្យធ្វើកិច្ចសន្យាឈប់បង្កើតបញ្ហាបែបនេះបន្ដទៀត។
យោងតាមគណនីហ្វេសប៊ុករបស់ រដ្ឋបាលក្រុងឧដុង្គម៉ែជ័យ បញ្ជាក់ថា ការកោះអញ្ជើញម្ចាស់កសិដ្ឋានចិញ្ចឹមមាន់យកពង មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងឈូក សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ទៅធ្វើកិច្ចសន្យា បានធ្វើឡើងបន្ទាប់ពីមាន សារព័ត៌មាន ជាច្រើន ស្ថាបន បានចុះផ្សាយថា “កសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងឈូក សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កំពុងបង្កផលប៉ះពាល់ដោយសារតែក្លិនស្អុយនៅក្នុងសហគមន៍រស់នៅរបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងព្រះសង្ឃគង់នៅក្នុងវត្ត”។
បន្ទាប់ពីបានឃេីញការចុះផ្សាយរបស់សារព័ត៌មានលេីនេះ រដ្ឋបាលក្រុងឧដុង្គម៉ែជ័យ សហការជាមួយរដ្ឋបាលសង្កាត់ព្រះស្រែ និងជំនាញពាក់ព័ន្ធ បានកោះអញ្ជេីញម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ និងអ្នកពាក់ព័ន្ធមកប្រជុំដោះស្រាយពីបញ្ហាក្លិនស្អុយដែលបណ្ដាលមកពីកសិដ្ឋានចិញ្ចឹមមាន់នេះ (ករណីក្លិនស្អុយនេះ កើតមានតាំងពីយូរណាស់មកហើយ មិនមែនទើបតែឥឡូវនេះទេ)។
គណនីដដែល បន្ថែមថា លទ្ធផលក្រោយកិច្ចប្រជុំ គឺតំណាងម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ បានធ្វេីកំណត់ហេតុសន្យាថា៖
-មិនឱ្យមានក្លិនស្អុយប៉ះពាល់ប្រជាពលរដ្ឋទៀតឡេីយ
-មិនឱ្យមានរថយន្តដឹកអាចម៌មាន់ធ្លាក់តាមភូមិបន្តទៀត និងយល់ព្រមតាមសំណេីរបស់ប្រជាពលរដ្ឋ ដោយបេីកបរវាងផ្លូវ ជៀសវាងបង្កក្លិនស្អុយដល់ប្រជាពលរដ្ឋ។ ហេីយម្ចាស់កសិដ្ឋានក៏សុំពេលរៀបចំបណ្ដេីរៗ ដេីម្បីឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
សូមជម្រាបជូនថា ការកោះអញ្ជើញ ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ខាងលើទៅធ្វើកិច្ចសន្យា ដោយសារមានការចុះផ្សាយលើសារព័ត៌មានតាមការអះអាងរបស់ ប្រជាពលរដ្ឋ ព្រះសង្ឃ សិស្សានុសិស្ស គណៈគ្រប់គ្រងសាលា និងគណៈទ្រទ្រង់សាលា អំពីបញ្ហាក្លិនស្អុយអាចម៍មាន់ពីកសិដ្ឋានខាងលើ។
ប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ្ធ សូមថ្លែងអំណរគុណ អាជ្ញាធរក្រុង សង្កាត់ និងភូមិដែលពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ ដោះស្រាយបញ្ហាខាងលើជូនពួកគាត់ទាន់ពេលវាលេ។
ពួកគាត់សង្ឃឹមថា បញ្ហានេះនឹងឈប់បន្តកើតមានតទៅទៀត ខណៈវាជារឿងដែលកើតមកដដែលៗជាច្រើនហើយ ប្រសិននៅតែបន្ដកើតមានសារជាថ្មី ប្រជាពលរដ្ឋជឿជាក់ថា អជ្ញាធរនឹងសម្រេចបិទកសិដ្ឋាននេះចោលតែម្ដង៕