ធាក់ប្លន់ម៉ូតូនៅទឹកដី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ រកឃើញម៉ូតូវិញ នៅទឹកដីខណ្ឌដង្កោ និងឃាត់ខ្លួនអ្នកពាក់ព័ន្ធម្នាក់ បញ្ជូនទៅតុលាការ!
ភ្នំពេញ៖ កាលពីវេលាម៉ោងប្រមាណ ២១នឹង១០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅចំណុច ផ្លូវជាតិលេខ៣ ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណី ក្រុមជនសង្ស័យមួយក្រុមមានគ្នា ០៦នាក់ ជិះម៉ូតូ០៥គ្រឿង បានធ្វើសកម្មភាពធាក់ផ្តួលម៉ូតូរបស់ជនរងគ្រោះ និងស្រែកគម្រាមថា នឹងកាប់សម្លាប់ចោល ធ្វើឲ្យជនរងគ្រោះភ័យខ្លាច ក៏បណ្តោយ ឲ្យក្រុមជនសង្ស័យ លើកយកម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២៣ ស្លាកលេខ ភ្នំពេញ 1KB-0837 ពីជនរងគ្រោះ ជិះគេចបាត់ទៅតែម្តង។
បន្ទាប់មក នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះ បានប្តឹងមកអាវុធហត្ថរាជធានីភ្នំពេញ អំពីករណីធាក់ប្លន់ខាងលើនេះ។ ក្រោយពីទទួលបណ្តឹងរបស់ជនរងគ្រោះរួច អាវុធហត្ថរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ រហូតប្រទះឃើញម៉ូតូជនរងគ្រោះកំពុងត្រូវបានបុរសម្នាក់ជិះនៅលើដងផ្លូវ ត្រង់ចំណុចរង្វង់មូលកួរស្រូវ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ឃើញដូច្នោះកម្លាំងជំនាញអាវុធហត្ថខណ្ឌដង្កោ បានសហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ ក៏បានបើកម៉ូតូចូលសំដៅទៅរក បុរសដែលកំពុងបើកម៉ូតូរបស់ជនរងគ្រោះម្នាក់នោះ យ៉ាងប្រកៀកប្រកិត រហូតមកដល់ចំណុចបន្ទប់ជួលលេខ១២ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានប្រទះឃើញមុខសញ្ញាសង្ស័យ សមត្ថកិច្ចអាវុធហត្ថក៏បាន ធ្វើការឡោមព័ទ្ធទីតាំងនោះ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ឈុន សុខនៅ ភេទប្រុស អាយុ៣៧ឆ្នាំ រួមជាមួយម៉ូតូ០១គ្រឿង ដែលជារបស់ជនរងគ្រោះ ត្រូវបានក្រុមជនសង្ស័យដោះស្លាកលេខចេញដើម្បីបំបាត់ភស្តុតាងផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងកំពុងបន្តធ្វើការស្រាវជ្រាវករណីខាងលើ ដោយយកចិត្តទុកដាក់ ដើម្បីស្វែងរកក្រុមជនសង្ស័យដែលពាក់ព័ន្ធយកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត៕