ភ្នំពេញ៖ សេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅរថយន្តម៉ាក Prius ពាក់ផ្លាកលេខ 2AA.8891 ដែលបានបើកបរកៀម៉ូតូស្ត្រីម្នាក់បណ្ដាលឲ្យដួលរងរបួស កាលពីវេលាម៉ោង ៨និង១៩នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ត្រើយខាងលិច សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។
បន្ទាប់ពីបានឃើញការផ្សាយព័ត៌មាននៅលើបណ្ដាញសង្គមទាក់ទងទៅនឹងករណីនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានឲ្យអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការស្រាវជ្រាវករណីគ្រោះថ្នាក់ចរាចរណ៍នៅគោលដៅគល់ស្ពានព្រះមុនីវង្សត្រើយខាងលិច ដែលរថយន្តមាក prius បើកបរពីទិសខាងកើតទៅលិចបានបើកកៀម៉ូតូស្ត្រីម្នាក់បណ្ដាលឲ្យដួលម៉ូតូរងរបួស។
ក្រោយពេលកើតហេតុរថយន្តបានបើកគេចខ្លួនបាត់ ចំណែកឯស្ត្រីរងគ្រោះ ត្រូវបានបងប្អូនមកនាំយកទៅព្យាបាល ។
បន្ទាប់ពីធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ម៉ោង ៨និង០០នាទី អ្នកបើកបររថយន្តម៉ាកព្រូសពាក់ផ្លាកលេខភ្នំពេញ 2AA-8891 មាន ឈ្មោះ ឈឹម ពុទ្ធឧត្តម ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ ជាងដាក់ GPS ទីលំនៅផ្ទះលេខ18D ផ្លូវលំ ភូមិត្រពាំង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចូលខ្លួនមកបំភ្លឺ ករណី ខាងលើនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន។
ភាគីខាងរថយន្តបានសារភាព និងទទួលកំហុសឆ្គងរបស់ខ្លួន ព្រមទាំងបានសម្របសម្រួលគ្នាជាមួយជនរងគ្រោះ ដោយបានឯកភាពគ្នាសងសំណងទៅស្ត្រីរងគ្រោះចំនួន ២០០ ដុល្លារ ដើម្បីបញ្ចប់រឿង។
ជាមួយគ្នានោះដែរ សមត្ថកិច្ចបានធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យាជាមួយម្ចាស់រថយន្ត ដោយបានណែនាំដល់ជនបង្ក ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយប្រុងប្រយ័ត្ន ចៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃទៀត ៕
រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ