ភ្នំពេញ៖ ក្រោយកែសម្ផស្សធ្វើឲ្យនារីម្នាក់ បាត់បង់ អាយុជីវិត នៅថ្ងៃទី២៦ ឧសភា ២០២៣ នេះ គណនី ហ្វេសប៊ុក ឈ្មោះ Romnea Samrith បានបង្ហោះនូវខ្លឹមសារទាំងស្រុងថា ៖ វាមិនមែនជាសុបិន្តទៀតទេ 😔😔 យើងបានកាន់ដៃគ្នារយះពេល10ឆ្នាំហើយ តាំងពីបាតដៃទទេរ រហូតដល់មានអ្វីៗគ្រប់យ៉ាងដូចពេលនេះតែបែជាអូនត្រូវចាកចេញ ដោយគ្មាន ថ្ងៃត្រលប់ អូនជាមនុស្សស្រីដែលល្អស្អាតឥដ្ឋខ្ចោះ ទាំងចរិកឬកពា ក្តីស្រលាញ់ដល់ ឪពុកម្តាយ អុំ ពូ មីង យាយតា បងប្អូន កូន ក្មួយ សាច់ញាតិ មិត្តភក្តិ ពិភពលោកនេះពិតជាអយុត្តិធម៌ពេកហើយ
សម្រាប់ពួកខ្ញុំ មិនដែលគិតពិភពលោក ក្នុងផ្លូវអាក្រក់ឡើយ តែបែរជាពង្រាត់ពួកខ្ញុំដោយគ្មានអាសូរ្យ គ្រាន់តែពួកយើងចង់បានការជួបជុំគ្នា រួមរស់នៅជាមួយគ្នារហូតដល់ចាស់ក៏មិនបាន បើអាចប្តូបានខ្ញុំសុំប្តូពីអ្វីៗបច្ចុប្បន្ន ទៅកាលពីដប់ឆ្នាំមុនទោះគ្មានអ្វីគ្រប់យ៉ាងដូចពេលនេះតែមានក្តីសុខបំផុត ។
គ្មានអូន តើបងត្រូវគិតជាមួយអ្នកណា បងត្រូវសួរយោបល់អ្នកណា បានអ្នកណាជួយណែនាំបង បានអ្នកណាផ្តល់កម្លាំងចិត្តដល់បង អ្នកណាសន្សំលុយទុក្ខអោយបងខ្ចី អ្នកណាកោសខ្យល់អោយបង។
ហេតុអ្វី (អាចរួមទុក្ខបានតែមិនអាចរួមសុខបាន ) ។
អូនគឺជាមនុស្សស្រីដែលបងស្រលាញ់ នឹងនឹកនានអស់មួយជីវិត
អ្វីៗគ្រប់យ៉ាងដែលបងមាននៅថ្ងៃនេះ គឺដោយសារមានអូន
ម៉ោងរោរ៍ របស់បងអើយ………..!
សូមជម្រាបថា ក្រសួងសុខាភិបាល បានសម្រេចបិទ មជ្ឈមណ្ឌលកែសម្ផស្ស “បុរិន្ទកោះពេជ្រ” បន្ទាប់ពីធ្វើការវះកាត់ កែសម្ផស្ស យកខ្លាញ់ក្បាលពោះ នារីម្នាក់ បណ្ដាលឲ្យធ្វើទុក្ខ ហូរឈាមស្លាប់ ។
នេះបើយោងតាម សេចក្ដីសម្រេចរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ដែលចុះហត្ថលេខា ដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ។
ក្រសួងបញ្ជាក់ថា ការបិទមជ្ឈមណ្ឌលកែសម្ផស្ស បុរិន្ទកោះពេជ្រ ដែលមានទីតាំងនៅផ្ទះលេខS១៩ ផ្លូវអេលីត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ” មូលហេតុមកពី ខ្វះការ តាមដាន និងបច្ចេកទេសក្នុងការគ្រប់គ្រងឲ្យបានត្រឹមត្រូវ បណ្ដាលឲ្យអ្នកជំងឺគ្រោះថ្នាក់ដល់អាយុជីវិត” ។
ក្រសួង ក៏បានតម្រូវឲ្យអនុវត្តច្បាប់លើម្ចាស់មជ្ឈមណ្ឌល កែសម្ផស្សបុរិន្ទ កោះពេជ្រផងដែរ ។
សូមជម្រាបថា ស្ដ្រីឈ្មោះ ស៊ីនួន វិទ្ធីយ៉ា អាយុ៣៤ឆ្នាំ នៅខេត្តកំពង់ស្ពឺ បាន ស្លាប់កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ។
បន្ទាប់ពីរូបនាងទៅកែសម្ផស្ស ដោយធ្វើការវះកាត់ យកខ្លាញ់ក្បាលពោះចេញ នៅមជ្ឈមណ្ឌលកែសម្ផស្ស បុរិន្ទកោះពេជ្រ ។
ទោះជាយ៉ាងណាក្ដី ក្រោយពេលវះកាត់ ស្រាប់តែនាង មានអាការៈធ្វើទុក្ខខ្លាំងហូរឈាមច្រើន ។
ដោយត្រូវបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែគ្រូពេទ្យ មិនអាចជួយសង្គ្រោះបានឡើយ ។
យោងវិក្កយបត្រ នៅមជ្ឈមណ្ឌលកែសម្ផស្ស បុរិន្ទកោះពេជ្រ បានបង្ហាញថា ជនរងគ្រោះ”បានចាក់បំពេញខ្លាញ់.ត្របកភ្នែកក្រោមនិងថ្ពាល់.កាត់ស្បែកខ្លាញ់ក្បាលពោះ កាត់ត្របកភ្នែកលើត្របកភ្នែកក្រោមថ្ពាល់សងខាងដេរទងត្រចៀក តម្លៃសរុបចំនួន ៤.៩៥០ ដុល្លារអាមេរិក កក់ ១០០ដុល្លារ នៅខ្វះ ៤.៨៥០ដុល្លារអាមេរិកទៀត” ។
លិខិតមរណភាព របស់មន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថាៈជនរងគ្រោះខាងលើ មាន(សភាពធ្ងន់ធ្ងរនិងស្លឹម) ហើយបានស្លាប់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ។
ដោយសារបាត់បង់ឈាមច្រើន ព្រោះវះកាត់ស្រទាប់ខ្លាញ់ ក្រោមស្បែកក្បាលពោះ បន្ទាប់មក មានសញ្ញាបេះដូងឈប់ដើរ ។