ខេត្តត្បូងឃ្មុំ៖ កម្លាំងសមត្ថកិច្ចស្វែងរកពត៌មានបន្ថែមដើម្បីកំណត់អត្តសញ្ញាណសាកសពភេទស្រីម្នាក់ ដែលជាជនរងគ្រោះក្នុងករណីឃាតកម្មដ៏ឃោឃៅ នៅខេត្តត្បូងឃ្មុំ។
ក្រុមការងារចម្រុះ BRAVO23 ត្រូវបានបង្កើតឡើងដោយមានការចូលរួមពីក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងអង្គភាពការពារកុមារ (CPU) ដើម្បីធ្វើការស៊ើបអង្កេតករណីឃាតកម្មទៅលើសាកសពភេទស្រី ដែលត្រូវបានទម្លាក់ចោល និងដុតនៅក្នុងចំការចេកមួយកន្លែង ក្នុងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៤ ខែឧសភា។
នៅវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ កម្មករនៅក្នុងចំការចេកបានប្រទះឃើញសាកសពភេទស្រីត្រូវបានគេបោះបង់ចោល និងដុត នៅក្នុងចំការចេកដែលថិតនៅក្នុងឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ កម្លាំងសមត្ថកិច្ចបានទទួលដំណឹង និងបានចុះទៅកន្លែងកើតហេតុភ្លៀមៗនោះ ដើម្បីធ្វើការពិនិត្យ និងកំណត់អត្តសញ្ញាណ។ អង្គភាពការពារកុមារ (CPU) ក៏បានទទួលដំណឹងប៉ុន្មានថ្ងៃក្រោយ។
នៅថ្ងៃទី១០ និង១១ ខែឧសភា ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) បានធ្វើដំណើរទៅកាន់ខេត្តត្បូងឃ្មុំ។ ការពិនិត្យកោសល្យវិច័យត្រូវបានធ្វើឡើងទៅលើសាកសព និងសំណាកក៏ត្រូវបានប្រមូលទុកជាភស្តុតាង។
មកដល់ពេលបច្ចុប្បន្ន សាកសពភេទស្រីនេះពុំទាន់មានអត្តសញ្ញាណនោះទេ។ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្នើសុំជំនួយពីមហាជន ដើម្បីកំណត់អត្តសញ្ញាណសាកសពនេះ។
នៅពេលវេលាកើតហេតុ ជនរងគ្រោះពាក់អាវយឿតពត៌ខ្មៅ មានពាក្យ “UNIVERSE” រូបភាពនិងឈ្មោះនៃភព “VENUS” និងរូបភាពនិងឈ្មោះនៃភព “EARTH”។
ប្រសិនបើនរណាម្នាក់ធ្លាប់ឃើញអាវនេះ ឬស្គាល់មនុស្សស្រីដែលមានអាវនេះ ហើយបាត់ខ្លួន ឬពុំបានឃើញជាយូរ សូមមេត្តាផ្តល់ជាដំណឹងដល់ប៉ុស្ត៍នគរបាលរដ្ឋបាលដែលនៅជិតបំផុត ឬស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ឬអង្គភាពការពារកុមារ (CPU)។
“ករណីឃាតកម្មនេះគឺមានភាពឃោឃៅបំផុត ហើយយើងត្រូវតែឃាត់ខ្លួន និងផ្តន្ទាទោសរាល់ជនល្មើសដែលពាក់ព័ន្ធុ” លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ បានលើកឡើង។
ប្រភព ៖ CPU