មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ និងធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មេត្តាជ្រាបថា៖ កាលពីវេលាម៉ោង ១៦:១៥នាទី ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ២០២៣ មានករណី បាក់ស្ពានដែកបេឡេត៍មួយកន្លែងប្រវែង ៣០ម និងទទឹង ៤ម ត្រង់គ.ម ១៨+៦៥០ (ស្ពានព្រែកក្រោយ) នៅលើ កំណាត់ផ្លូវខេត្តលេខ ៣៧២អា ស្ថិតនៅក្នុងភូមិដូង ឃុំជាំក្រវៀន ស្រុកមេមត់។ ករណីបាក់ស្ពានដែកខាងលើបណ្តាលមកពី រថយន្តដឹកទំនិញអេតចាយ ម៉ាកហ៊ីយ៉ានដាយ (វេអង) ប្រភេទក្បាលនិងសឺមីរ៉ឺម៉កសណ្តោង ដែលក្បាលរថយន្តពាក់ស្លាក លេខត្បូងឃ្មុំ 3A-3437 និងសឺមីរ៉ឺម៉កសណ្តោងពាក់ស្លាកលេខ ត្បូងឃ្មុំ 4A-1476។ បន្ទាប់ពីទទួលបានព័ត៌មានអំពីការ បាក់ស្ពានដែកខាងលើ មន្ទីរបានចាត់បញ្ចូនមន្ត្រីបច្ចេកទេសចុះសិក្សាផ្លូវវាងសម្រាប់ ជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ និងដឹកទំនិញផ្សេងៗទៅកាន់ច្រកព្រំដែនទ្វេភាគីទន្លេចាម (ព្រំប្រទល់កម្ពុជា-វៀតណាម) សូមធ្វើដំណើរ តាមផ្លូវវាងទាំងពីរដូចខាងក្រោម៖ ១ផ្លូវវាងទី១ ចាប់ពីចំនុចផ្លូវចូលអគ្គីសនី ត្រង់ភូមិក្រវៀនជើង ឃុំជាំក្រវៀន ដល់ផ្លូវក្រវ៉ាត់ព្រំដែន បត់ស្តាំ បន្តដល់ច្រកព្រំដែនទ្វេភាគីទន្លេចាម។ (មានបង្ហាញក្នុងផែនទីខាងក្រោម)
២.ផ្លូវវាងទី២ ចាប់ពីចំនុចផ្លូវចូលអគ្គីសនី ត្រង់ភូមិក្រវៀនជើង ឃុំជាំក្រវៀន ដល់ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់បត់ឆ្វេងបន្តដល់ច្រកព្រំដែនទ្វេភាគីទន្លេចាម។ (មានបង្ហាញក្នុងផែនទីខាងក្រោម)
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជ្រាប និងសូមការអធ្យាស្រ័យ ដោយធ្វើការចរាចរណ៍តាម ផ្លូវវាងដែលមន្ទីរបានគូសវាសនៅលើផែនទីដូចមានភ្ជាប់ជូនខាងក្រោម រហូតដល់មន្ទីរធ្វើការជួសជុលស្ពានដែកបេឡេតិ៍ ខាងលើរួចរាល់ និងដាក់អោយប្រើប្រាស់ឡើងវិញសូមអរគុណ៕