ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ ការអប់រំបានផ្តល់ឱ្យយើងនូវអំណាចដែលផ្តល់នូវសេរីភាព, ជម្រើស, ឥទ្ធិពលក្នុងការប្រកួតប្រជែង, ភាពម្ចាស់ការឯករាជ្យ និងឱកាសគ្រប់បែបយ៉ាង
ខេត្តក្រចេះ ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ បានថ្លែងថា ៖ ចំណេះដឹង ជាអំណាច។ សម្រាប់បុគ្គលម្នាក់ៗ, ការអប់រំបានផ្តល់ឱ្យយើងនូវអំណាចដែលផ្តល់នូវសេរីភាព, ជម្រើស, ឥទ្ធិពលក្នុងការប្រកួតប្រជែង, ភាពម្ចាស់ការឯករាជ្យ និងឱកាសគ្រប់បែបយ៉ាង ហើយក៏ជាមូលដ្ឋានក្នុងការបន្តកសាងអភិវឌ្ឍខ្លួនទៅមុខបន្ថែមទៀត ទាំងតាមការចាប់យកជំនាញថ្មី (Reskilling) និងការធ្វើទំនើបកម្មលើជំនាញដែលមានស្រាប់ (Upskilling) ដើម្បីឆ្លើយតបទៅនឹងឱកាសថ្មីៗកាន់តែប្រសើរ ជាពិសេសការប្រកួតប្រជែងយកឱកាសការងារទាំងក្នុង និងក្រៅប្រទេស។
សូមនិស្សិតទាំងអស់ បន្តខិតខំរៀនសូត្រដោយមិនឈប់ឈរពេញមួយជីវិត ទាំងការដុសខាត់ជំនាញ ឬការចាប់យកជំនាញថ្មីៗ ដើម្បីឆ្លើយតបបានទៅនឹងតម្រូវការនៃទីផ្សារពលកម្ម ជាពិសេស ក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី៤នេះ ដែលនឹងនាំមកនូវកាលានុវត្តភាពសម្រាប់កំណើន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ឯកឧត្តម គូសបញ្ជាក់ថា ជាបទពិសោធន៍ផ្ទាល់ខ្លួន, យើងគួរកត់សម្គាល់ថា ជោគជ័យធំក្នុងគ្រប់កិច្ចការ គឺកើតពីការរួមផ្សំនៃជោគជ័យតូចៗជាច្រើនវេញបញ្ចូលគ្នា។ ជាក់ស្តែង ភាពជោគជ័យនៃការសិក្សានៅកម្រិតឧត្តមសិក្សា បានកើតចេញពីការបូកឡើងជាលំដាប់នៃជោគជ័យនៅខាងក្រោម ចាប់តាំងពីថ្នាក់បឋមសិក្សា និងមធ្យមសិក្សាទាំងពីរកម្រិតជាបន្តបន្ទាប់។ ដើម្បីទទួលបានជោគជ័យទាំងតូចទាំងធំ, យើងចាំបាច់ត្រូវ ប្រកាន់នូវទម្លាប់វិជ្ជមាន ដោយខិតខំបំពេញរាល់ភារកិច្ចឱ្យមានប្រសិទ្ធភាព, រស់រវើក, ហ្មត់ចត់, លឿនរហ័ស និងល្អជាប់ជាប្រចាំ ព្រមជាមួយនឹងផ្នត់គំនិតនៃការដាក់ខ្លួនឱ្យទាបសាមញ្ញ ដោយទទួលយកការរៀនសូត្រពីគ្រប់មជ្ឈដ្ឋានជុំវិញ ដូចទៅនឹងលក្ខណៈធម្មជាតិរបស់រុក្ខជាតិស្មៅ ដែលតែងរក្សាបាននូវភាពធនរឹងមាំក្នុងគ្រប់ស្ថានការណ៍ ហើយតស៊ូប្រឹងប្រែងលូតលាស់ក្នុងគ្រប់ឧបសគ្គដោយមិនបោះបង់។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សូមចូលរួមត្រេកអរជាមួយមាតាបិតា អាណាព្យាបាល ដែលបានខិតខំតស៊ូទំនុកបម្រុងបុត្រធីតា ឱ្យសិក្សារៀនសូត្របានខ្ពង់ខ្ពស់ចប់ចុងចប់ដើម។ នេះពិតជាមោទកភាពដ៏ត្រចះត្រចង់សម្រាប់ក្រុមគ្រួសារទាំងមូល, ជាពិសេសចំពោះគ្រួសារមួយចំនួន ដែលឪពុកម្តាយបងប្អូនមិនមានឱកាសសិក្សារៀនសូត្រ ក្នុងអំឡុងពេលដែលប្រទេសជាតិយើងមានសង្គ្រាមបែកបាក់វឹកវរ ដែលធ្វើឱ្យបាត់បង់ឱកាសគ្រប់យ៉ាងទាំងស្រុង ហើយក៏សូមអរគុណចំពោះគណៈគ្រប់គ្រង, សាស្ត្រាចារ្យ និងបុគ្គលិកសិក្សាទាំងអស់ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ដែលបានខិតខំរៀបចំសម្របម្រួលក្នុងដំណើរការបណ្តុះបណ្តាល និងបង្ហាត់បង្រៀនដល់និស្សិតរបស់យើង សំដៅធ្វើយ៉ាងណាចែករំលែកនូវចំណេះដឹង, ជំនាញ, បទពិសោធន៍ និងដំបូន្មានល្អៗ រហូតពួកគាត់អាចសម្រេចបាននូវជោគជ័យជាទីមោទនៈ។
នាឱកាសនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សូមចូលរួមអបអរសាទរជាមួយសមណនិស្សិត និងនិស្សិតជ័យលាភីទាំង ៨០០ អង្គ/នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ហើយត្រូវទទួលសញ្ញាបត្រនាពេលនេះ បន្ទាប់ពីបានយកចិត្តទុកដាក់រៀនសូត្រ និងពុះពារជម្នះរាល់ការលំបាកអស់រយៈពេលជាច្រើនឆ្នាំ ហើយនេះក៏ជាជំហានថ្មីមួយទៀតនៅក្នុងជីវិតចំពោះការទទួលបាននូវការបញ្ជាក់អំពីគុណវុឌ្ឍិជាផ្លូវការ ក្នុងនាមជាមូលធនមនុស្សប្រកបដោយគុណភាព ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម-សាសនា និងបម្រើការងារនៅតាមក្រសួង-សា្ថប័នរដ្ឋ, វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាលនានា។