ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ ដំណើរការ អភិវឌ្ឍរបស់ប្រទេសជាតិទាំងមូល ហើយ ជាពិសេស ករណី ខេត្តសៀមរាប នេះផ្ទាល់ គឺអាស្រ័យដោយបរិស្ថានគ្របដណ្តប់អំណោយផល ០៣ យ៉ាង

ខេត្តសៀមរាប៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមអាហារូបករណ៍សិស្ស-និសិ្សតក្រីក្ររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិក, សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ South-East Asia ក្រុងសៀមរាប នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ បានថ្លែងថា ៖ដំណើរការ អភិវឌ្ឍរបស់ប្រទេសជាតិទាំងមូល ហើយ ជាពិសេស ករណី ខេត្តសៀមរាប នេះផ្ទាល់ គឺអាស្រ័យដោយបរិស្ថានគ្របដណ្តប់អំណោយផល ០៣ យ៉ាង គឺ៖ ទី១. ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាពពេញលេញ, ទី២. កត្តាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងទី៣. ការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍប្រទេសប្រកបដោយចក្ខុវិស័យច្បាស់លាស់ ដូចជាគោលនយោបាយបើកចំហរជើងមេឃ និងការកំណត់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ ជាដើម។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាកំពុងមានមោទកភាពជាតិ ដែលខ្មែរមានវឌ្ឍនភាពរីកចម្រើនស្មើមុខស្មើមាត់ ហើយអន្តរជាតិក៏បានស្គាល់ខ្មែរកាន់តែច្បាស់ ទាំងនេះក៏ដោយសារខ្មែរមានធនធានមនុស្សប្រកបដោយសមត្ថភាព និងសាមគ្គីភាពរួបរួមគ្នាក្នុងធ្លុងនៃស្មារតីជាតិនិយមបែបវិជ្ជមាន។ ពិតណាស់ ចំណេះដឹង គឺជាអំណាចដែលផ្តល់នូវសេរីភាព, ជម្រើស, ឥទ្ធិពលក្នុងការប្រកួតប្រជែង, ភាពម្ចាស់ការឯករាជ្យ និងឱកាសគ្រប់បែបយ៉ាង។ ដូច្នេះ សូមបន្តរួមគ្នាជាខ្មែរតែមួយ ដើម្បីបង្កើតជាថាមពលវិជ្ជមាន តាមរយៈការខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ចំណេះដឹង សមត្ថភាព គុណធម៌ សីលធម៌ ឱ្យបានកាន់តែខ្ពង់ខ្ពស់ ស័ក្តិសមជាប្រជាជាតិដែលមានអរិយធម៌រុងរឿងត្រចះត្រចង់ ដូចក្នុងសម័យអង្គរនៃយើង។ លើសពីនេះ ក៏សូមបន្តដុសខាត់ផ្នត់គំនិត និងអត្តចរិតរបស់ខ្លួនជាប់ជាប្រចាំ តាមរយៈការបើកចិត្តឱ្យទូលំទូលាយ និងដាក់ខ្លួនឱ្យទាបសាមញ្ញ ដោយទទួលយកការរៀនសូត្រពីគ្រប់មជ្ឈដ្ឋានជុំវិញ ដូចទៅនឹងលក្ខណៈធម្មជាតិរបស់រុក្ខជាតិស្មៅ ដែលតែងរក្សាបាននូវភាពធនរឹងមាំក្នុងគ្រប់ស្ថានការណ៍ ហើយតស៊ូប្រឹងប្រែងលូតលាស់ក្នុងគ្រប់ឧបសគ្គដោយមិនបោះបង់។ 

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សូមការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង, សាស្រ្តាចារ្យ និងបុគ្គលិកសិក្សាទាំងអស់ ដែលបានរួមចំណែកសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា រួមទាំងការចូលរួមយ៉ាងសកម្មជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងកិច្ចការសង្គម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងចក្ខុវិស័យរួមសម្រាប់កម្ពុជា។ ទាំងក្នុងស្ថានភាពបច្ចុប្បន្ន និងតទៅអនាគត យុវជន គឺនៅតែជាកម្លាំងស្នូលក្នុងការចូលរួមកសាងប្រទេស និងដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាការចូលរួមបង្កើត និងបើកបង្ហាញនូវសមិទ្ធផលដែលជាមោទកភាពជាតិ ដើម្បីប្រាប់ពិភពលោកថា “ខ្មែរធ្វើបាន” ហើយកម្ពុជាកាលពីពេលមុន ដែលអន្តរជាតិតែងស្គាល់ថា ជាទឹកដីនៃជម្លោះបែកបាក់ គឺបានប្រែមុខមាត់ប្តូរមកជាកោះសន្តិភាព ដែលមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ 

 

អត្ថបទដែលជាប់ទាក់ទង
Open

Close