ការដង្ហែរព្រះអគ្គិជ័យកីឡា ពីភូមិសាស្រ្តស្រុកក្រឡាញ់មកក្រុងសៀមរាប

រដ្ឋបាលខេត្តសៀមរាប៖  សូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមអបអរសាទរក្បួនព្រះអគ្គិជ័យកីឡា និងផ្តិតយករូបភាព នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ នាថ្ងៃទី០៣-០៤ ខែឧសភា ឆ្នាំ២០២៣

ការដង្ហែរព្រះអគ្គិជ័យកីឡា ពីភូមិសាស្រ្តស្រុកក្រឡាញ់មកក្រុងសៀមរាប នាពេលព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ និងពីក្រុងសៀមរាប ទៅស្រុកជីក្រែង ពេលព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣។

ព្រះអគ្គិជ័យកីឡា ត្រូវបានរៀបចំពិធីសុំពីព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាង្គប្រាសាទអង្គរវត្ត កាលពីថ្ងៃទី២​១​ ខែមីនា​ ឆ្នាំ២០២៣​ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទនរោត្តម សីហនុមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា។ ព្រះអគ្គិជ័យកីឡានេះ ត្រូវបានដង្ហែរទៅកាន់បណ្តាប្រទេសក្នុងសមាគមន៍អាស៊ាន រួចបានដង្ហែរចូលមកព្រះរាជាណាកម្ពុជាវិញតាមច្រកព្រំដែនឡាវនៅថ្ងៃទី២៧​ ខែមេសា​ ឆ្នាំ២០២៣​រួចដង្ហែរសំដៅមករាជធានីភ្នំពេញ។ បន្ទាប់មក ព្រះអគ្គិជ័យកីឡា ត្រូវដង្ហែរតាមបណ្តារខេត្តទាំង៦ ជុំវិញបឹងទន្លេសាប។ តាមផែនការគ្រោងទុក ព្រះអគ្គិជ័យកីឡា នឹងឆ្លងព្រំប្រទល់ពីស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មកស្រុកក្រឡាញ់ ខេត្តសៀមរាប នៅវេលាម៉ោង ១០៖០០នាទីព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ រួចត្រូវបន្តដង្ហែរមកក្នុងក្រុងសៀមរាប រួចដង្ហែរទៅរក្សាទុកនៅវត្តរាជបូព៌។

នៅវេលាម៉ោង ៦៖០០នាទីព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ព្រះអគ្គិជ័យកីឡា នឹងរៀបចំដង្ហែរទៅកាន់ស្រុកជីក្រែង រួចរៀបចំពិធីប្រគល់ជូនប្រតិភូខេត្តកំពង់ធំ។

សូមបញ្ជាក់ជូនផងដែរថា រាល់ការហែរឆ្លងកាត់ទីប្រជុំជនក្រុង ស្រុក គឺក្បួនដង្ហែរត្រូវរត់ផ្ទាល់។ ជាមួយគ្នានេះ រដ្ឋបាលខេត្តសូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមឈរអមសងខាងផ្លូវអបអរសាទរក្បួនព្រះអគ្គិជ័យកីឡា និងផ្តិតយករូបភាព នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ។

អត្ថបទដែលជាប់ទាក់ទង
Open

Close