បាត់ដំបង៖ ករណី រន្ទះបាញ់ បានកើតឡើង១លើក បណ្តាលអោយកុមារាពីរនាក់ស្លាប់និងក្មេងស្រីម្នាក់រងរបួសធ្ងន់ខណៈកំពុងដេញគោចូលក្រោល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣៥នាទី ល្ងាច ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិចុងពរ ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថាក្មេងៗដែលត្រូវរន្ទះបាញ់ស្លាប់នោះមានឈ្មោះដូចខាងក្រោម៖ទី១-ឈ្មោះនិត ប្រុសនុត ភេទប្រុស អាយុ៨ឆ្នាំ (ស្លាប់) រស់នៅភូមិចុងពរ ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង។
ទី២-ឈ្មោះ និត ប្រុសនុន ភេទប្រុស អាយុ១០ឆ្នាំ (ស្លាប់) ត្រូវជាបងបង្កើត រស់នៅក្នុងភូមិ ឃុំស្រុក កើតហេតុ ជាមួយគ្នា។
ទី៣-ឈ្មោះ វុធ ធារា ភេទស្រី អាយុ ១៥ឆ្នាំ មានទីលំនៅក្នុងភូមិ ថ្នំ ឃុំព្រែកជីក ស្រុករុក្ខគីរី រងគ្រោះដោយសារ រន្ទះបាញ់ដូចគ្នារបួសស្រាលសន្លប់ស្ងាត់មាត់ឈឹង និង ដឹងខ្លួនវិញក្រោយពេលប្រជាពលរដ្ឋបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសពក្មេងប្រុសទាំងពីរនាក់ រួចរាល់បានអះអាងថាពួកគេពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន បន្ទាប់មកក៍ប្រគល់សពអោយក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី។
ចំណែកក្មេងស្រីម្នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី យ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យជំនាញស្រុកមោងឫស្សី ខេត្តបាត់ដំបង៕ ដោយ ៖ សុខ កុសល