អតីតសិស្សសាលាបាក់ទូក ទសវត្សឆ្នាំ1980មួយក្រុម រួមគ្នាជួយរៀបចំពិធីបុណ្យសព អតីតលោកគ្រូភូមិវិទ្យា ជើងចាស់០១រូប!
ភ្នំពេញ៖ លោកគ្រូ គឹម សារី ជាអតីតគ្រូបង្រៀនភូមិវិទ្យានៅសាលាបាក់ទូក តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ បានទទួលមរណៈភាព កាលពីវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ។
ភ្លាមៗ ក្រោយពេលបានទទួលដំណឹងដ៏ក្រៀមក្រំនេះ ក្រុមអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក មួយក្រុម រួមមានទាំងឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាមួយចំនួន ទឹកសុទ្ធ ភេសជ្ជៈចម្រុះ ទៅប្រគល់ជូនគ្រួសារសពលោកគ្រូ គឹម សារី ដើម្បីរៀបចំធ្វើពិធីបុណ្យសពជូនលោកគ្រូផងដែរ។ ក្រុមអតីតសិស្សសាលាបាក់ទូកម្នាក់ៗ បាននាំគ្នាចូលរួមជាថវិកា តាមសទ្ធារៀងៗខ្លួន បានសរុបចំនួន ៥១៨៥ដុល្លារ សម្រាប់រ៉ាប់រងការចំណាយធ្វើបុណ្យសព លោកគ្រូ គឹម សារី រហូតដល់បុណ្យ៧ថ្ងៃ ចប់រួចរាល់។ សពលោកគ្រូ គឹម សារី ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅក្នុងវត្តទួលអស់លោក ក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
កាយវិការ ដ៏គួរឲ្យគោរពរបស់ក្រុមអតីតសិស្សបាក់ទូកមួយនេះ មិនមែនទើបតែមានក្នុងពេលលោកគ្រូអស់ព្រះជន្មនោះទេ គឺតែងតែធ្វើជាប់ជាប្រចាំ ចំពោះអតីតលោកគ្រូអ្នកគ្រូគ្រប់គ្នា ដែលលោកកំពុងនៅមានព្រះជន្ម និងជួយដល់មិត្តរួមជំនាន់ដែលជួបការលំបាកហើយខ្វះលទ្ធភាព មកជាច្រើនឆ្នាំហើយ ស្របតាមពាក្យស្លោករបស់ក្រុម ដែលបានបង្កើតឡើងថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក” ហើយកាយវិកា នាពេលនេះ បានទទួលការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ពីក្រុមគ្រួសារនៃសពផងដែរ៕