ខេត្តកំពត៖ បើយោងតាម សេចក្តីបំភ្លឺ របស់រដ្ឋបាលក្រុងបូកគោ ថា ដោយឃើញមានគណនីហ្វេសប៊ុកឈ្មោះ Khmer Tube II បានផ្សព្វផ្សាយព័ត៌មានដែលមានខ្លឹមសារថា លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ ត្រូវជាក្មួយប្រុសរបស់លោកស្រីអភិបាលក្រុងបូកគោ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នេះ។
រដ្ឋបាលក្រុងបូកគោ សូមធ្វើការបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយរបស់គណនីបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Khmer Tube II ករណីនេះមិនពិតឡើយ។
លោកស្រីអភិបាលក្រុងបូកគោមកបំពេញតួនាទី និងភារកិច្ចនៅរដ្ឋបាលក្រុងបូកគោគឺមានតែម្នាក់ឯងគត់ ដោយមិនមានបក្សពួក គ្រួសារ និងបងប្អូននោះទេ។
លោកស្រីអភិបាលក្រុងបូកគោ តែងតែគោរពថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ក្រោមដំបូលសន្តិភាព ក្រោមមាគ៌ាដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា។
លោកស្រីអភិបាលក្រុងបូកគោតែងតែយកចិត្តទុកដាក់ខ្ពស់ដល់មន្រ្តី និងសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងបូកគោ។