បាត់ដំបង៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ វវេលាម៉ោង១៩និង៣០នាទី លើផ្លូវជាតិលេខ៥ ភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងម៉ូតូ បណ្តាលអោយមនុស្សស្លាប់ ០២នាក់នៅនឹងកន្លែងកើតហេតុ និងរបួសធ្ងន់ចំនួន ០៣ នាក់។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងរវាងម៉ូតូ ១គ្រឿង ម៉ាកអ៊ិចសាយទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរដោយឈ្មោះ រ៉េន និត ភេទប្រុស អាយុ ៣៨ឆ្នាំ (ស្លាប់) អ្នករួមដំណើរ២ នាក់ ១.ឈ្មោះ ទីង ឡាទី ភេទប្រុស អាយុ ៥ឆ្នាំ រស់នៅភូមិដំបូកខ្ពស់ ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង និង២.ឈ្មោះ អ៊ា វី ភេទស្រី អាយុ ១២ឆ្នាំ រស់នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បានបុកជាមួយនិងម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាឌ្រីម ធុនC125 ពណ៌ក្រហម សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ បាត់ដំបង 1AA-6287 បើកបរដោយឈ្មោះ តុល សំណាង ភេទប្រុស អាយុ ២០ឆ្នាំ (ស្លាប់) រស់នៅភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង អ្នករួមដំណើរឈ្មោះ សុង តុល ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលមកពី ម៉ូតូម៉ាកអ៊ិចសាយទ័រ បើកបរពីកើតទៅលិចបញ្ច្រាស់ទិសមិនប្រុងប្រយ័ត្នក៏ជ្រុលទៅបុក ម៉ូតូម៉ាកហុងដាឌ្រីម ដែលបើកបរពីលិចទៅកើតដោយខ្វះការប្រុងប្រយ័ត្នបានបុកពេញទំហឹងតែម្ដង។
បច្ចុប្បន្ន នគរបាលស្រុកសង្កែបានយកមធ្យោបាយបង្ក និងវត្ថុតាងបានយកទៅរក្សារទុកនៅអធិការស្រុកសង្កែ ដើម្បីដោះស្រាយតាមនីតីវិធី។ ជនរងគ្រោះរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ចំណែកឯសាកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ អគ្គស្នងការនគរបាលជាតិ