ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី, ប្រទេសកម្ពុជា បាននិងកំពុងស្ថិតក្នុងចំណោមប្រទេសដែលមានការលូតលាស់យ៉ាងឆាប់រហ័ស នៅក្នុងតំបន់ និងលើពិភពលោក

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត  ក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ “សណ្ឋាគារ សាន់ & មូន រីវើសាយ (Sun & Moon Riverside Hotel)”  នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានថ្លែងថា ៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី, ប្រទេសកម្ពុជា បាននិងកំពុងស្ថិតក្នុងចំណោមប្រទេសដែលមានការលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងតំបន់ និងលើពិភពលោក ដោយបានប្រែក្លាយពីប្រទេសក្រីក្រទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងកំពុងស្ថិតនៅលើមាគ៌ាឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយខ្លួនទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការរីកចម្រើនដ៏ឆាប់រហ័សនេះ គឺជាសមិទ្ធផលផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដោយមានការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យគន្លឹះជាច្រើន រួមទាំងវិស័យទេសចរណ៍ផងដែរ ដែលបម្រើឱ្យការទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង នៅមុនការមកដល់នៃវិបត្តិជំងឺកូវីដ-១៩, ក្នុងរយៈពេលប្រមាណ ២០ ឆ្នាំកន្លងមកហើយ, ចំនួនភ្ញៀវទេសចរអន្តរជាតិបានកើនឡើងជាង ១០ ដង ពោលគឺ ពីប្រមាណជាង ៤៦ ម៉ឺននាក់ ក្នុងឆ្នាំ១៩៩៩ ដល់ជាង ៦.៦ លាននាក់ក្នុងឆ្នាំ២០១៩។ ជាមួយនឹងកំណើនដ៏លឿននេះ, វិស័យទេសចរណ៍បានក្លាយជាកម្លាំងចលករមួយយ៉ាងសំខាន់ ដោយបានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបរហូតដល់ទៅ ១២,១% និងបានផ្តល់ការងារជូនបងប្អូនប្រជាពលរដ្ឋប្រមាណជាង ៦៣ ម៉ឺននាក់ នៅឆ្នាំ២០១៩។

ឯកឧត្តមបណ្ឌិត បន្តថា ពិតណាស់ ក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ-១៩, វិស័យទេសចរណ៍ បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ជាពិសេស ដោយសារការរឹតត្បិតចំពោះការធ្វើដំណើរទាំងក្នុងស្រុក និងឆ្លងប្រទេស។ ទោះបីយ៉ាងនេះក្តី ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញប្រកបដោយប្រសិទ្ធភាពនូវវិធានការឆ្លើយតបជាច្រើន, វិស័យទេសចរណ៍បានចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗ ស្របទៅនឹងដំណើរការបើកឡើងវិញនៃសកម្មភាពសង្គម-សេដ្ឋកិច្ចទាំងនៅកម្ពុជា និងសាកលលោក។ ជាក់ស្តែង ចំនួនភ្ញៀវទេសចរនៅក្នុងស្រុកបានកើនឡើងយ៉ាងលឿនរហូតដល់ជិត ១៤ លាននាក់ ក្នុងឆ្នាំ២០២២ ដែលស្មើនឹងប្រមាណជិត ២ ដង នៃចំនួនភ្ញៀវទេសចរក្នុងស្រុកក្នុងឆ្នាំ២០១៩ ជាពិសេសក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅថ្មីៗនេះ, ក្រសួងទេសចរណ៍បានបង្ហាញនូវទិន្នន័យបឋមថា ចំនួនភ្ញៀវទេសចរ មានចំនួនកើនឡើងរហូតដល់ទៅជាង ១៣ លាននាក់ ដែលក្នុងនេះ មានភ្ញៀវទេសចរអន្តរជាតិចំនួនជិត ៦ ម៉ឺននាក់។

ជារួម នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ យើងអាចកត់សម្គាល់ឃើញថា វិស័យទេសចរណ៍របស់កម្ពុជា កំពុងតែស្ថិតនៅលើនិន្នាការវិជ្ជមានឡើងវិញ ហើយការកើនឡើងនៃចំនួនភ្ញៀវទេសចរក្នុងស្រុក ក៏បានបង្ហាញផងដែរថា វិស័យទេសចរណ៍ក៏កាន់តែមានភាពធន់ជាងមុន។ ក្នុងន័យនេះ ការបើកឱ្យដំណើរការសណ្ឋាគារ និងសេវាកម្មបដិសណ្ឋារកិច្ចខ្នាតអន្តរជាតិលំដាប់ផ្កាយបួន ឬផ្កាយប្រាំ ដូចជា សណ្ឋាគារ សាន់ & មូន រីវើសាយ នេះ ជាដើម ក៏ជាសក្ខីភាពនៃការងើបឡើងវិញជាបណ្តើរៗនៃវិស័យទេសចរណ៍របស់កម្ពុជា យ៉ាងជាក់ច្បាស់។ មួយវិញទៀត ការរីកដុះដាលនៃសណ្ឋាគារប្រភេទនេះ ក៏នឹងបន្តចូលរួមផ្តល់ការងារជូនដល់ប្រជាពលរដ្ឋ និងផ្តល់ផលប្រយោជន៍ដល់អាជីវកម្មផ្សេងៗទៀត នៅក្នុងខ្សែច្រវាក់តម្លៃរបស់ខ្លួន។

សម្រាប់ទិសដៅទៅមុខ រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យនេះជាសសរស្តម្ភយ៉ាងសំខាន់នៃសេដ្ឋកិច្ចជាតិ និងបន្តជំរុញគាំទ្រវិស័យនេះ ឱ្យក្លាយទៅជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ដូចពេលមុនវិបត្តិនៃជំងឺកូវីដ-១៩ តាមរយៈការបន្តកែសម្រួលបរិយាកាសធុរកិច្ច, ការចូលរួមអភិវឌ្ឍគោលដៅទេសចរណ៍សំខាន់ៗ និងជាពិសេសការសហការជាមួយវិស័យឯកជន សំដៅដោះស្រាយបញ្ហាប្រឈមនានា ដែលរារាំងដល់ការអភិវឌ្ឍនៃវិស័យទេសចរណ៍។

យើងមានបេះដូង ជាសណ្ឋាគារ ក្នុងស្រុកពិត ប៉ុន្តែប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិ ដើម្បីផ្តល់នូវបដិសណ្ឋារកិច្ច ដែលសារភ្ជាប់វប្បធម៌ដ៏ពិសេស ដើម្បីផ្តល់ជូនអ្នកជាលក្ខណៈបុគ្គល។ ក្នុងនាមជាអាជីវកម្មសណ្ឋាគារក្នុងទីក្រុង បរិវេណផ្សេងៗក្នុងសណ្ឋាគាររបស់យើងតែងតែមានភាពរស់រវើកជានិច្ច ដោយភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍និងសកម្មភាពផ្សេងៗ ជាមួយនឹងកន្លែងសម្រាប់ជប់លៀង អបអរ ឬសម្រាកលំហែកាយ។ យើងក៏ចូលចិត្តប្រារព្ធឱកាសពិសេសៗផងដែរ ដូច្នេះអ្នកអាចរំពឹងថានឹងមានការប្រារព្ធពិធីសម្រាប់ពិធីបុណ្យជាតិ និងអន្តរជាតិ ដូចជាថ្ងៃចូលឆ្នាំសកល និងបុណ្យចូលឆ្នាំខ្មែរជាដើម។ការរចនាដ៏ទំនើបទាន់សម័យ។ គេងក្នុងបន្ទប់ដ៏ប្រណិត។ បង្កើតអនុស្សាវរីយ៍ក្នុងក្តីស្រមៃជាមួយនឹងដំណោះស្រាយសម្រាប់ការរៀបចំកម្មវិធីរបស់យើង។ ស្វែងយល់ពីវប្បធម៌ និងបេតិកភណ្ឌក្នុងស្រុក។ បរិភោគអាហារឆ្ងាញ់ៗមានជីវជាតិ។ រីករាយជាមួយបទពិសោធន៍ដែលបង្កើតឡើងពិសេសម្រាប់តែអ្នកប៉ុណ្ណោះ។ ប្រារព្ធពិធីពិសេសដ៏ប្រណិតសម្រាប់អ្នក។ បង្កើតទំនាក់ទំនងដៃគូអាជីវកម្មថ្មី។ ចូលទៅទីធ្លាកម្សាន្តផ្ទាល់ខ្លួនសម្រាប់អ្នក រួចចាប់ផ្តើមដំណើរឆ្ពោះទៅរកសុខុមាលភាពរួម និងស្វែងរកតុល្យភាពនៅក្នុងខ្លួនអ្នក។

ស្វែងរកខ្លួនអ្នកនៅ សណ្ឋាគារសាន់ អ៊ែន មូន រីវើសាយដ៍ ជាកន្លែងដែលយើងណែនាំអ្នកដោយផ្ទាល់ ទៅកាន់របកគំហើញថ្មីរបស់អ្នកទូទាំងប្រព័ន្ធអេកូដែលទើបបង្កើតថ្មីរបស់យើង។“មកនៅ” សណ្ឋាគារលំដាប់ផ្កាយ ៥ ថ្មីឈានមុខគេនៅកម្ពុជា។

សណ្ឋាគារសាន់ អ៊ែន មូន រីវើសាយដ៍ គឺជាប្រព័ន្ធអេកូឡូស៊ីនៃការរស់នៅដែលមានការរចនាតែមួយគត់ដែលរួមបញ្ចូលបច្ចេកវិទ្យាដ៏ជឿនលឿនសម្រាប់សុខមាលភាព និងកន្លែងហាត់ប្រាណ ជាមួយនឹងការរៀបចំព្រឹត្តិការណ៍ទ្រង់ទ្រាយធំ បន្ទប់ប្រជុំនិងបរិវេណការិយាល័យរួម និងបទពិសោធន៍ទទួលទានអាហារចម្រុះជាតិសាសន៍ ដែលមានក្នុងបញ្ជីមុខម្ហូបអន្តរជាតិដ៏ទូលំទូលាយ ប្រកបដោយភាពស្មោះត្រង់ និងគិតគូពីសុខភាព។ ការរចនាប្រកបដោយភាពច្នៃប្រឌិតរបស់យើង គឺផ្អែកលើហុងស៊ុយ និងគណិតវិទូជនជាតិអ៊ីតាលី Fibonacci បានបំផុសគំនិត Golden Ratio 1.68។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត  សូមចូលរួមអបអរសាទរជាមួយ ក្រុមហ៊ុនសាន់ & មូន គ្រុប ចំពោះការសម្ពោធបើកដំណើរការជាផ្លូវការ “សណ្ឋាគារ សាន់ & មូន រីវើសាយ” (Sun & Moon Riverside) ដែលជាសណ្ឋាគារលំដាប់ផ្កាយប្រាំថ្មីមួយទៀតសម្រាប់រាជធានីភ្នំពេញដ៏ស្រស់ត្រកាលរបស់យើង។ ការបើកដំណើរការសណ្ឋាគារដ៏ទំនើបជាមួយនឹងស្តង់ដារកម្រិតពិភពលោកនេះ គឺស្របពេលដែលកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅខែឧសភា និងមិថុនា ឆ្នាំ២០២៣ ខាងមុខ ដោយនេះមិនត្រឹមតែជាឱកាសអាជីវកម្មដ៏ល្អសម្រាប់ សណ្ឋាគារសាន់ & មូន រីវើសាយ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសក្នុងការលើកមុខមាត់ដល់វិស័យទេសចរណ៍ និងដល់ប្រទេសកម្ពុជាទាំងមូល តាមរយៈការបង្ហាញឱ្យឃើញពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា នៅក្នុងការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាមួយនឹងសេវាកម្មបដិសណ្ឋារកិច្ចប្រកបដោយគុណភាពខ្ពស់។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close