នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ៖ ជានិច្ចជាកាល សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់អ៊ំពូមីងយោធិនពិការ

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហានមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រ កងទ័ពជើងគោក នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ៖ ជានិច្ចជាកាល សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់អ៊ំពូមីងយោធិនពិការ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងស្នាដៃ និងគុណបំណាច់ជូនជាតិមាតុភូមិ ប្រកបដោយទឹកចិត្តស្នេហាជាតិ, ការលះបង់ និងពលិកម្មគ្រប់បែបយ៉ាងក្នុងការប្រយុទ្ធការពារជាតិ និងប្រជាជនកម្ពុជា ប្តូរយកសន្តិភាពធ្វើឱ្យប្រជាជនរស់ក្នុងសេចក្តីសុខសាន្ត និងការអភិវឌ្ឍរីកចម្រើន ដូចសព្វថ្ងៃ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ខ្ពស់លើវិស័យពិការភាព ដោយបានដាក់ចេញ និងអនុវត្តគោលនយោបាយនានា ដើម្បីលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់អ៊ំពូមីងយោធិនពិការ សំដៅធ្វើយ៉ាងណាជួយដល់អ៊ំពូមីង និងក្រុមគ្រួសារឱ្យទទួលបានកិត្តិយស, សេចក្តីថ្លៃថ្នូរ, គុណភាពជីវិតល្អប្រសើរ, គ្មានការរើសអើង និងទទួលបានសេវាសង្គមនិងសេវាសាធារណៈប្រកបដោយភាពអនុគ្រោះ។ ជាក់ស្តែង ការរៀបចំមណ្ឌលអភិវឌ្ឍន៍យោធិនពិការនៅតាមតំបន់នានាទូទាំងប្រទេស គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីលើកស្ទួយជីវភាពរស់នៅ និងសុខុមាលភាពរបស់អ៊ំពូមីងបងប្អូនយោធិនពិការ និងក្រុមគ្រួសារ ស្របតាមកាលានុវត្តភាពនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសការអភិវឌ្ឍឥតឈប់ឈររបស់កម្ពុជា ដោយផ្តើមចេញពីចំណុចសូន្យទទួលបានសុខសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច និងសេចក្តីសុខសាន្តរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។

ឯកឧត្តម សូមចូលរួមអបអរសាទរជាមួយ ឧត្តមសេនីយ៍ត្រី ជា ព្រឿង ចំពោះការទទួលបានមុខតំណែងជា “នាយមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រ កងទ័ពជើងគោក” ដែលជាការប្រគល់នូវតួនាទី សិទ្ធិ និងការទទួលខុសត្រូវក្នុងការដឹកនាំគ្រប់គ្រង និងកសាងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រកងទ័ពជើងគោក សំដៅលើកកម្ពស់សុខុមាលភាព និងជីវភាពរបស់អ៊ំពូមីងបងប្អូនជាយោធិនពិការ ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់ ឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងបុព្វហេតុអភិវឌ្ឍយោធិនពិការ។

នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត សូមសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមណ្ឌលគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំបំពេញការងារគ្រប់គ្រង និងរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ, ផ្ទះស្នាក់នៅ និងសំណង់ផ្សេងៗជាច្រើននៅក្នុងមណ្ឌល ដោយមានជំនួយឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ទាំងស៊ីវិល និងយោធា ជាពិសេសការយកចិត្តទុកដាក់ផ្ទាល់សំណាក់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសប្បុរសជនគ្រប់មជ្ឈដ្ឋាន បម្រើឱ្យសេចក្តីត្រូវការ និងជីវភាពរស់នៅរបស់អ៊ំពូមីងបងប្អូនយោធិនពិការ និងក្រុមគ្រួសារបានល្អប្រសើរ។ សមិទ្ធផលទាំងនេះ ស្តែងឱ្យឃើញអំពីការប្តេជ្ញាចិត្តរួម និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវ ក្នុងការជួយឧបត្ថម្ភគាំពារដល់អ៊ំពូងមីងបងប្អូនយោធិនពិការ និងក្រុមគ្រួសារ ដើម្បីកែលម្អជីវភាពរបស់ពួកគាត់ឱ្យបានល្អប្រសើរ សំដៅធានាបាននូវភាពសុខដុមរមនា និងការអភិវឌ្ឍរបស់សង្គមជាតិ ជាពិសេសដើម្បីសម្តែងនូវការដឹងគុណ និងការតបគុណចំពោះពលិកម្ម និងគុណបំណាច់ ដ៏ធំធេងរបស់អ៊ំពូមីងបងប្អូនយោធិនពិការ ដែលមានចំពោះជាតិមាតុភូមិ។

ឯកឧត្តម សូមថ្លែងអំណរគុណចំពោះអ៊ំពូមីងបងប្អូនយោធិនពិការទាំងអស់ ដែលតែងជឿទុកចិត្ត និងគាំទ្ររាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខ តាំងពីដើមរៀងមក ជាពិសេសក្នុងដំណាក់កាលរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបានស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងបង្ការជំងឺនេះគ្រប់ៗគ្នា។ ដូចនេះ សូមបន្តមានជំនឿទុកចិត្តមកលើភាពជាអ្នកដឹកនាំរបស់ សម្តេចតេជោ ដើម្បីបន្តថែរក្សាការពារអ្វីដែលយើងកំពុងមានក្នុងដៃសព្វថ្ងៃនេះ ឱ្យបានគង់វង្ស និងបន្តការអភិវឌ្ឍខ្លួនយើង, ក្រុមគ្រួសារយើង និងសង្គមជាតិយើងឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close